(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានថ្លែងនៅថ្ងៃពុធសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) ថា ជំងឺរាតត្បាតសកលបង្កឡើងដោយវីរុសកូរ៉ូណា គឺកំពុងបង្កឲ្យបញ្ហាសម្រាប់ សហរដ្ឋអាមេរិក អាក្រក់ជាងបញ្ហា ភាលហាប៊ឺ (Pearl Habor) និងមហាភេរវកម្មថ្ងៃទី១១ ខែកញ្ញានោះទៅទៀត។ នេះបើតាមការចេញផ្សាយដោយ CNA នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៧ ខែឧសភា ឆ្នាំ២០២០។

លោក ដូណាល់ ត្រាំ បានប្រាប់អ្នកសារព័ត៌មាននានា នៅសេតវិមានថា «នេះជាគឺជាការវាយប្រហារដ៏អាក្រក់បំផុត ដែលយើងមិនធ្លាប់ជួបប្រទះ។ វាអាក្រក់ជាងបញ្ហា Pearl Harbor និងមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោកទៅទៀត»។

គួរបញ្ជាក់ថា ការវាយប្រហារដ៏ភ្ញាក់ផ្អើលរបស់ជប៉ុន ទៅលើមូលដ្ឋានកងទ័ពជើងទឹក Pearl Harbor ស្ថិតលើកោះហាវ៉ៃ របស់អាមេរិក ស្ថិតនៅកណ្តាលមហាសមុទ្រប៉ាស៊ីហ្វិក បានកាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ១៩៤១ បានអូសសហរដ្ឋអាមេរិកឲ្យចូលប្រឡូកនៅក្នុងសង្គ្រាមលោកលើកទី ២។

ដោយឡែកមហាភេរវកម្មថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ បានបណ្តាលឲ្យអគារភ្លោះពាណិជ្ជកម្មពិភពលោកត្រូវដួលរលំ និងផ្តាច់ជីវិតមនុស្សជិត ៣,០០០នាក់។ សម្រាប់បញ្ហាបង្កឡើងដោយ COVID-19 នេះវិញវាបានចម្លងដល់ប្រជាជនអាមេរិក ១,២៦៣,០៩២នាក់ ក្នុងនោះ ៧៤,៧៩៩នាក់ស្លាប់ និង ២១២,៩៨១ជាសះស្បើយ គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍នេះតែម្តង៕