(ហ្វីលីពីន)៖ រដ្ឋាភិបាលហ្វីលីពីន បានចេញបញ្ជាឲ្យបិទទូរទស្សន៍ ABS-CBN ដែលជាប្រព័ន្ធផ្សព្វផ្សាយធំ និងពេញនិយមបំផុតមួយនៅហ្វីលីពីននោះតែម្តង ក្រោយពីបានផុតកំណត់នៃការរង់ចាំ សេចក្តីសម្រេចជាថ្មីពីសភាជាតិហ្វីលីពីន កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ។ នេះបើតាមការដកស្រង់ព័ត៌មានពី BBC នាយប់ថ្ងៃពុធ ទី០៦ ខែឧសភា ឆ្នាំ២០២០។

កាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០២០ រដ្ឋាភិបាលប្រធានាធិបតីលោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានស្នើឱ្យតុលាការកំពូលបិទប្រព័ន្ធផ្សព្វផ្សាយ ABS-CBN និងបង្កឱ្យមានការរិះគន់យ៉ាងខ្លាំងផងដែរ ហើយក្រោយមកទើបមានការកំណត់ពេលវេលាឲ្យបិទ ប៉ុន្តែ ABS-CBN ក៏បានធ្វើការប្តឹងតវ៉ាផងដែរ។

គួរបញ្ជាក់ថា នៅក្នុងពាក្យបណ្តឹងសុំឲ្យបិទប្រព័ន្ធផ្សព្វផ្សាយ ABS-CBN ទៅកាន់តុលាការកាលពីខែកុម្ភៈ រដ្ឋាភិបាលហ្វីលីពីនបានបញ្ជាក់ថា ស្ថានីយទូរទស្សន៍ដែលជាកម្មសិទ្ធិ នៃគ្រួសារមហាសេដ្ឋីមួយ នៅក្នុងប្រទេសហ្វីលីពីនមួយនេះ បានលួចអនុញ្ញាតឱ្យក្រុមហ៊ុនបរទេស ធ្វើការវិនិយោគនៅក្នុងក្រុមហ៊ុនរបស់ខ្លួន ដោយរំលោភលើច្បាប់ស្តីពីការហាមការទទួលប្រយោជន៍ពីបរទេស ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ ហើយទូរទស្សន៍មួយនេះគួរតែត្រូវដកអាជ្ញាប័ណ្ណ។

ទោះបីជាត្រូវបានបិទកាលពីថ្ងៃអង្គារមែនក៏ ABS-CBN តាមរយៈសេចក្តីថ្លែងការណ៍មួយបានបញ្ជាក់ថា ខ្លួននៅតែរង់ចាំការអនុម័តពីសភាហ្វីលីពីន ដែលអាចធ្វើឡើងនៅក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីឲ្យខ្លួនអាចបន្តប្រតិបត្តិការឡើងវិញ ដើម្បីផលប្រយោជន៍ប្រជាជនហ្វីលីពីន៕