(វ៉ាស៊ីនតោន)៖ ទីភ្នាក់ងារអវកាសអាមេរិក NASA កាលពីថ្ងៃអង្គារសប្តាហ៍នេះ បានបញ្ជាក់ថា ខ្លួននឹងសហការជាមួយតារាហូលីវូដអាមេរិក គឺលោក Tom Cruise ដើម្បីផលិតឈុតឆាកភាពយន្តដំបូងបំផុត ដែលថតនៅក្នុងទីអវកាសផ្ទាល់ពិតៗតែម្តង។ នេះបើតាមការដកស្រង់ការ ផ្សាយចេញពីសារព័ត៌មាន Sputnik នៅថ្ងៃពុធ ទី០៦ ខែឧសភា ឆ្នាំ២០២០។

លោក Tom Cruise ដែលជាតារាសម្តែងដ៏ល្បីឈ្មោះម្នាក់ក្នុងវិស័យភាពយន្តហូលីវូដអាមេរិក នឹងត្រូវធ្វើដំណើរឡើងទៅស្ថានីយអវកាស អន្តរជាតិ ISS ហើយស្នាក់នៅទីនោះមួយរយៈ ដើម្បីថតឈុតឆាកផ្សេងៗ។ យ៉ាងណាមិញ មិនទាន់មានការបញ្ជាក់ថា លោកនឹងធ្វើដំណើរ ឡើងទៅកាន់ស្ថានីយ ISS នៅពេលណាឡើយ ហើយសាច់រឿងសង្ខេប ឬក៏ចំណងជើងខ្សែភាពយន្តថ្មីនោះ ក៏ពុំទាន់ត្រូវបានគេដឹងដែរ។

គួរជម្រាបថា ស្ថានីយអវកាសអន្តរជាតិ ISS ស្ថិតក្រោមការធ្វើប្រតិបត្តិការជាចម្បងដោយសហរដ្ឋអាមេរិក និងប្រទេសរុស្ស៉ី ហើយតែងតែ មានការផ្លាស់ប្តូរវេនក្រុមអវកាសយានិក ដើម្បីបំពេញការងារជាប្រចាំនៅទីនោះចាប់តាំងតែពីឆ្នាំ២០០០។ ខណៈធ្លាប់មានមហាសេដ្ឋី មួយ ចំនួនចំណាយប្រាក់ច្រើនសម្បើម ដើម្បីឡើងទៅទស្សនានៅស្ថានីយ ISS លោក Cruise នឹងជាតារាសម្តែងដំបូងគេបង្អស់ ដែលបានធ្វើ យ៉ាងដូច្នោះ ក្រោមគោលបំណងផលិតខ្សែភាពយន្ត៕