(ម៉ូស្គូ)៖ អាជ្ញាធរសុខាភិបាលរុស្សុីនៅថ្ងៃពុធនេះ បានបន្តប្រកាសពីការរកឃើញករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួនរហូតទៅដល់១០,៥៥៦ករណីបន្ថែមទៀត នៅក្នុងរយៈពេលត្រឹម២៤ម៉ោងប៉ុណ្ណោះ។ ពោលវាជាថ្ងៃទី៤ជាប់ៗគ្នាមកហើយ ដែលប្រទេសមួយនេះបានស្គាល់អត្រានៃអ្នកឆ្លងប្រចាំថ្ងៃលើសពី១០,០០០ ករណី។ សរុបមកវិញ ករណីឆ្លងនៅក្នុងប្រទេសមួយនេះ បានកើនដល់១៦៥,៩២៩ករណី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន ស៊ីនហួរ នាថ្ងៃពុធ ទី០៦ ខែឧសភា ឆ្នាំ២០២០។

នៅក្នុងរយៈពេល២៤ម៉ោងដូចគ្នានេះ ក្រៅពីករណីឆ្លង រុស្សុីក៏បានកត់ត្រាករណីស្លាប់ថ្មីចំនួន៨៦នាក់បន្ថែមទៀតផងដែរ ដែលនាំឲ្យចំនួនករណីស្លាប់សរុបនៅទូទាំងប្រទេសរុស្សុីកើនដល់ ១,៥៣៧នាក់។ ដោយឡែកសម្រាប់របាយការណ៍ស្តីអំពី ករណីអ្នកជាសះស្បើយវិញ អាជ្ញាធរសុខាភិបាលរុស្សុីបានគូសបញ្ជាក់ថា មានចំនួនសរុប២១,៣២៧ នាក់ បន្ទាប់ពីអ្នកជំងឺចំនួន ១,៤៦២នាក់ទៀត ទើបតែបានជាសះស្បើយ និងបានចាកចេញពីមន្ទីរពេទ្យកាលពីម្សិលមិញនេះ។

រដ្ឋធានីម៉ូស្គូ ដែលជាតំបន់រងគ្រោះខ្លាំងជាងគេប្រចាំប្រទេសរុស្សុី បានបញ្ជាក់ថាមានករណីឆ្លងថ្មីចំនួន៥,៨៥៨ នាក់ ក្នុងរយៈពេល២៤ម៉ោង ចុងក្រោយ ដែលនាំឲ្យចំនួនអ្នកឆ្លងសរុបនៅក្នុងទីក្រុងមួយនេះ បានកើនដល់ទៅ៨៥,៩៧៣ ករណី។

បើតាមរបាយការណ៍របស់អង្គការឃ្លាំមើលសិទ្ធិអ្នកប្រើប្រាស់ និងសុខុមាលភាពប្រជាជនរបស់រុស្ស៊ី ដែលចេញផ្សាយនៅថ្ងៃពុធនេះបានឲ្យដឹងថា គិតត្រឹមថ្ងៃអង្គារម្សិលមិញ មនុស្សចំនួន២២៧,៧៩២នាក់ កំពុងស្ថិតក្រោមការឃ្លាំមើលតាមបែបវេជ្ជសាស្រ្ត រីឯអ្នកដែលបានធ្វើតេស្តរកជំងឺ COVID-19 នៅទូទាំងប្រទេសរុស្សុី តាមរយៈមន្ទីរពិសោធន៍ បានមាន៤.៦លាននាក់៕