(បាងកក)៖ អាជ្ញាធរសុខាភិបាលថៃនៅថ្ងៃពុធនេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងថ្មី នៃជំងឺ COVID-19 ចំនួន ០១ ករណីបន្ថែម ព្រមទាំងករណីស្លាប់ម្នាក់។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃពុធ ទី០៦ ខែឧសភា ឆ្នាំ២០២០។

ទាក់ទិននឹងរបាយការណ៍នេះលោក ថាវីស៊ីន វីសានុយោធីន (Taweesin Wisanuyothin) អ្នកនាំពាក្យអង្គភាពប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 នៅក្នុងប្រទេសថៃបានគូសបញ្ជាក់ថា ករណីស្លាប់ម្នាក់ខាងលើគឺជាបុរសជនជាតិអូស្ត្រាលីម្នាក់អាយុ ៦៩ ឆ្នាំ បម្រើការងារជាអ្នកគ្រប់គ្រងសណ្ឋាគារមួយកន្លែង នៅខេត្តផាងង៉ា (Phang-nga) ភាគខាងត្បូងនៃប្រទេសថៃ។ ចំណែកឯករណីឆ្លងថ្មី ០១ ករណីនោះវិញ គឺត្រូវបានរកឃើញនៅលើស្ត្រីម្នាក់អាយុ ២៧ ឆ្នាំ ដែលទើបតែត្រឡប់មកពីប្រទេសរុស្ស៉ី។

គួរជម្រាបថា រហូតមកទល់នឹងពេលនេះ ប្រទេសអាស៊ានក្បែរខាងកម្ពុជាយើងនេះ បានកត់ត្រាករណីអ្នកឆ្លងជំងឺ COVID-19 ចំនួន ២,៩៨៩ ករណីហើយ ដោយក្នុងនោះអ្នកជំងឺចំនួន ៥៥ នាក់បានបាត់បង់ជីវិត និង ២,៧៦ នាក់ផ្សេងទៀតបានជាសះស្បើយឡើងវិញ។ ប្រការនេះវាធ្វើឲ្យចំនួនអ្នកជំងឺដែលកំពុងបន្តសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យនៅឡើយនោះ គឺមានចំនួន ១៧៣ នាក់៕