(ប៊ែរឡាំង)៖ អាលឺ្លម៉ង់ គ្រោងនឹងបោះជំហានថ្មីត្រឡប់ទៅកាន់ស្ថានភាពប្រក្រតី នៅក្នុងខែឧសភានេះ ក្នុងនោះរួមមានទាំងការបើកហាង និងសាលារៀន ឡើងវិញ បន្ទាប់ពីបានបិទទ្វារអស់ជាច្រើនសប្ដាហ៍ ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាត COVID-19 ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី០៦ ខែឧសភា ឆ្នាំ២០២០។

ទីភ្នាក់ងារព័ត៌មាន AFP ធ្វើសេចក្ដីរាយការណ៍បែបនេះ ដោយផ្អែកលើសេចក្ដីព្រាង នៃកិច្ចព្រមព្រៀងមួយរវាងលោកស្រីអធិបការបតី អាន់ជែលឡា មឺគែល និងប្រធានរដ្ឋបាល មកពីរដ្ឋសហភាព័ន្ធទាំង១៦ ដែលត្រូវបានគេរំពឹងថានឹងចុះហត្ថលេខានៅថ្ងៃពុធនេះ។ មកទល់នឹងពេលនេះ មានតែកុមារមួយចំនួនដែល ត្រូវប្រឡង ក្នុងពេលឆាប់នេះតែប៉ុណ្ណោះ ត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅសាលារៀនវិញ ខណៈថ្នាក់មតេយ្យ និងបឋម គ្រោងនឹងបើកទ្វារនៅសប្ដាហ៍ក្រោយ។

ដោយឡែក បើតាមសេចក្ដីព្រាងខាងលើដដែល ហាងទាំងអស់អាចបើកទ្វារឡើងវិញ តែតម្រូវឱ្យអនុវត្តវិធានការរក្សាអនាម័យខ្ពស់ និងគ្រប់គ្រងការចេញចូល បានល្អត្រឹមត្រូវតាមការកំណត់។ ចំណែកឯ ភោជនីយដ្ឋាន សាលប្រគុំតន្ត្រី ក្លឹបរាត្រី និងកន្លែងហាត់ប្រាណ កំពុងស្ថិតនៅក្រោមការពិចារណាថា គួរតែបើក ទ្វារ នៅថ្ងៃទី០៩ ខែឧសភា ដែរឬក៏យ៉ាងណា ស្របពេលព្រឹត្តិការណ៍ធំៗខ្លះ នឹងនៅតែត្រូវបានហាមឃាត់យ៉ាងហោចរហូតដល់ថ្ងៃទី៣១ ខែសីហា។

គួរបញ្ជាក់ថា បើតាមគេហទំព័រ worldometers បច្ចុប្បន្ន អាល្លឺម៉ង់ មានអ្នកឆ្លង COVID-19 ១៦៧,០០៧នាក់ ក្នុងនោះស្លាប់ ៦,៩៩៣នាក់ និងជាសះស្បើយ ឡើងវិញ ១៣៧,៤០០នាក់៕