(សិង្ហបុរី)៖ អាជ្ញាធរសុខាភិបាលសិង្ហបុរី នៅរសៀលថ្ងៃពុធនេះ បានប្រកាសពីការរកឃើញករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន ៧៨៨ករណីបន្ថែមទៀត ដែលនាំឲ្យករណីឆ្លងសរុប នៅក្នុងប្រទេសអាស៊ានមួយនេះកើនដល់ ២០,១៩៨នាក់។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃពុធ ទី០៦ ខែឧសភា ឆ្នាំ២០២០។

បើតាមការបញ្ជាក់របស់ក្រសួងសុខាភិបាលសិង្ហបុរី ភាគច្រើននៃករណីឆ្លងថ្មីទាំងនេះ គឺជាពលករកាន់ប័ណ្ណការងាររយៈពេលវែង ដែលកំពុងរស់នៅតាមអគារស្នាក់នៅសម្រាប់ពលករបរទេស ក្នុងប្រទេសដីកោះតូចមួយនេះ ហើយក្នុងនោះមានតែ ១១ករណីប៉ុណ្ណោះ ដែលជាប្រជាជនសិង្ហបុរីផ្ទាល់ ឬក៏ជាអ្នកមានទីលំនៅអចិន្ត្រៃយ៍។

គួរជម្រាបថា សម្រាប់ចំនួនអ្នកជំងឺ COVID-19 ដែលបាត់បង់ជីវិតនៅសិង្ហបុរីវិញ គឺមាន ១៨នាក់ ចំណែកឯអ្នកជាសះស្បើយមានយ៉ាងតិច ១,៥០០នាក់។ កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ រដ្ឋមន្រ្តីសុខាភិបាលសិង្ហបុរី លោក កាន់ គីម យ៉ុង (Gan Kim Yong) បានលើកឡើងនូវកត្តាមួយចំនួន ដែលនឹងត្រូវពិចារណា មុនពេលអាចដកវិញនូវវិធានការរឹតត្បិត ដែលត្រូវដាក់ចេញ ដើម្បីទប់ទល់ការឆ្លងរាលដាលនៃ COVID-19។

កត្តាទាំងនោះ រួមមានការថយចុះមកនៅដល់សូន្យ ឬក៏នៅក្រោម ១០ករណី នៃអត្រាឆ្លងក្នុងសហគមន៍ សម្រាប់រយៈពេលយូរសមរម្យមួយ ហើយករណីឆ្លងក្នុងចំណោមពលករបរទេស ក៏ត្រូវតែថយចុះគួរឲ្យកត់សម្គាល់ដែរ ដ្បិតករណីឆ្លងភាគច្រើននៅក្នុងប្រទេសដីកោះដែល មានចំនួនប្រជាជនត្រឹម ៥.៨លាននាក់នេះ គឺជាពលករបរទេសដែលធ្វើការនៅសិង្ហបុរី៕