(ប៉េកាំង)៖ អាជ្ញាធរសុខាភិបាលចិននៅព្រឹកថ្ងៃពុធ ទី០៦ ខែឧសភា ឆ្នាំ២០២០ នេះបានរាយការណ៍ឲ្យដឹងថា ក្នុងរយៈពេលពេញមួយថ្ងៃអង្គារម្សិលមិញនេះ ប្រទេសចិនបានរកឃើញករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន ០២ករណីប៉ុណ្ណោះ ដែលជាករណីនាំចូលមកពីក្រៅប្រទេស។ ចំណែកឯករណីឆ្លងក្នុងស្រុកវិញ គឺគ្មានឡើយសូម្បីតែម្នាក់ នៅទូទាំងប្រទេសចិនដីគោកតែម្តង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។

ប្រការនេះវាបានធ្វើឲ្យករណីនាំចូលសរុបពីក្រៅប្រទេស បានកើនដល់ ១,៦៧៨ករណីហើយ ដោយក្នុងនោះមានអ្នកជំងឺចំនួន ១,៤០០នាក់បានជាសះស្បើយឡើងវិញ ខណៈ ២៧៨នាក់ផ្សេងទៀងកំពុងសម្រាកព្យាបាល នៅឯមន្ទីរពេទ្យនៅឡើយ ក្នុងនោះ ០៥នាក់កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ ទោះជាយ៉ាងណាមិនមានករណីស្លាប់ត្រូវបានរាយការណ៍ ក្នុងចំណោមករណីនាំចូលទាំងនោះទេ។

ដោយឡែកសម្រាប់របាយការណ៍ប្រចាំថ្ងៃ ស្តីពីតួលេខអ្នកជាសះស្បើយពីជំងឺ COVID-19 វិញ ក្រសួងសុខាភិបាលចិនបានបង្ហាញឲ្យដឹងថា ចំនួនសរុបនៃអ្នកដែលបានជាសះស្បើយ នៅទូទាំងប្រទេសចិនបានកើនដល់ ៧៧,៩១១នាក់ហើយ បន្ទាប់ពីអ្នកជំងឺចំនួន ៥៨នាក់បន្ថែមទៀត ទើបតែបានជាសះស្បើយ និងបានចាកចេញពីមន្ទីរពេទ្យ កាលពីថ្ងៃអង្គារម្សិលមិញនេះ។

បើបូកបញ្ជូលទាំងករណីឆ្លងថ្មី ០២ករណី ដែលបានរាយការណ៍នៅថ្ងៃនេះ វាធ្វើឲ្យចំនួនករណីឆ្លងសរុបទាំងអស់ នៅទូទាំងប្រទេសចិនកើនដល់ ៨២,៨៨៣ករណី ខណៈតួលេខនៃករណីអ្នកស្លាប់ គឺនៅរក្សាបានត្រឹម ៤,៦៣៣នាក់ដដែល ពោលគឺគ្មានករណីស្លាប់ឡើយសូម្បីតែម្នាក់ នារយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ៕