(តូក្យូ)៖ ថ្នាំ រ៉េមដេស៊ីវា (Remdesivir) របស់ក្រុមហ៊ុនអាមេរិក ជីលីដសាយអិន (Gilead Sciences) ដែលត្រូវបានបង្កើតឡើងដំបូង ដើម្បីប្រឆាំងជំងឺអេបូឡា (Ebola) អាចនឹងទទួលបានការអនុញ្ញាត ឱ្យយកទៅប្រើក្នុងការព្យាបាលលើអ្នកជំងឺ COVID-19 នៅក្នុងប្រទេសជប៉ុន កំឡុងកិច្ចប្រជុំត្រួតពិនិតមួយរបស់ ក្រសួងសុខាភិបាជប៉ុន នៅថ្ងៃព្រហស្បតិ៍ស្អែកនេះ។ នេះបើតាមការលើកឡើងដោយ លោករដ្ឋមន្ត្រីសុខាភិបាលជប៉ុន កាត់ស៊ូណូប៊ុ កាតុ (Katsunobu Kato) ដែលត្រូវបានដកស្រង់ និងចេញផ្សាយដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃពុធ ទី០៦ ខែឧសភា ឆ្នាំ២០២០។

ថ្នាំ រ៉េមដេស៊ីវា ទទួលបានការអនុញ្ញាតឱ្យប្រើប្រាស់សម្រាប់ការព្យាបាលអ្នកជំងឺ COVID-19 កាលពីសប្ដាហ៍មុន ដោយទីភ្នាក់ងារចំណីអាហារ និងឱសថ របស់សហរដ្ឋអាមេរិក ហើយក្រុមហ៊ុន Gilead បានស្នើសុំការអនុញ្ញាតឲ្យប្រើប្រាស់វានៅក្នុងប្រទេសជប៉ុន កាលពីថ្ងៃចន្ទកន្លងទៅនេះ។ បច្ចុប្បន្នជប៉ុនកំពុងតែបន្តរកឃើញ អ្នកឆ្លងជំងឺ COVID-19 រាប់រយនាក់ក្នុងមួយថ្ងៃៗ ដែលអត្រាឆ្លងកើនឡើងគួរឲ្យព្រួយបារម្ភ។

លោក Katsunobu Kato បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុកថា បើសិនជាក្រុមប្រឹក្សាភិបាល នៃក្រសួងសុខាភិបាលជប៉ុនយល់ព្រម នោះលោកក៏មានគម្រោងនឹងអនុញ្ញាត ឱ្យមានការព្យាបាលអ្នកជំងឺ COVID-19 ដោយប្រើថ្នាំ រ៉េមដេស៊ីវា នេះដែរ។ លោក Kato បានគូសបញ្ជាក់យ៉ាងដូច្នេះថា «យើងអាចនឹងប្រើប្រាស់ថ្នាំនេះ សម្រាប់ព្យាបាល អ្នកជំងឺ COVID-19 ដែលមានសភាពធ្ងន់ធ្ងរក្នុងពេលឆាប់ៗនេះ»

គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទដើមសប្ដាហ៍កន្លងទៅ លោកនាយករដ្ឋមន្ត្រីជប៉ុន ស៊ីនហ្សូ អាបេ បានប្រកាសអូសបន្លាយពេលអនុវត្តវិធានការដាក់ប្រទេស ទាំងមូលក្នុងគ្រាអាសន្ន រហូតដល់ថ្ងៃទី៣១ ខែឧសភា ដោយសារតែការធ្លាក់ចុះចំនួនអ្នកឆ្លង COVID-19 មិនទាន់គ្រប់គ្រាន់តាមការចង់បាន។ បើតាមគេហទំព័រ worldometers បច្ចុប្បន្នជប៉ុនមានករណីឆ្លងជំងឺ COVID-19 ចំនួន ១៥,២៥៣ករណី ក្នុងនោះស្លាប់ចំនួន ៥៥៦នាក់ និងជាសះស្បើយវិញ ៤,៤៩៦នាក់៕