(បាងកក)៖ កិច្ចប្រជុំគណៈរដ្ឋមន្ត្រីថៃនៅថ្ងៃអង្គារ ទី០៥ ខែឧសភា ឆ្នាំ២០២០ នេះបានសម្រេចផ្តល់ទឹកស្អាតឲ្យប្រជាជនប្រើប្រាស់ដោយឥតគិតថ្លៃ និងធ្វើការបញ្ចុះតម្លៃពិសេសផងដែរ សម្រាប់អ្នកដែលប្រើលើសចំនួនកំណត់នៃការ Free។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។

អាជ្ញាធរទឹកស្អាតថៃ (MWA) បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទឹកស្អាតនឹងត្រូវផ្តល់ជូនដោយឥតគិតថ្លៃ សម្រាប់លំនៅឋាននីមួយៗ ដែលប្រើប្រាស់អស់ត្រឹម ១០ម៉ែត្រគូប ហើយសម្រាប់លំនៅឋានណា ដែលប្រើប្រាស់លើសពីចំនួនកំណត់នេះ នឹងត្រូវបញ្ចុះតម្លៃ ២០% ពីតម្លៃធម្មតា សម្រាប់រយៈពេល ០៣ខែគិតចាប់ពីថ្ងៃប្រកាសនេះតទៅ។

គួរបញ្ជាក់ថា សេចក្តីសម្រេចខាងលើនេះ គឺជាការលើកទឹកចិត្តឲ្យប្រជាជនថៃ ព្យាយាមស្នាក់នៅក្នុងផ្ទះ ដើម្បីកាត់បន្ថយការឆ្លងជំងឺ COVID-19 និងជាការបន្ធូរបន្ថយថ្លៃចំណាយ សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន ខណៈបញ្ហាដែលបង្កឡើងដោយជំងឺ COVID-19 បានធ្វើឲ្យប្រទេសអាស៊ានមួយនេះ ខាតបង់សេដ្ឋកិច្ចយ៉ាងធំធេង ជាពិសេសទៅលើវិស័យទេសចរណ៍៕