(ប៉េកាំង)៖ គ្រាប់រ៉ុក្កែតធុនធំស៊េរីថ្មីរបស់ប្រទេសចិនឈ្មោះថា Long March-5B ទីបំផុតត្រូវបានបាញ់បង្ហោះសាកល្បងជាលើកដំបូងហើយ ដែលវានឹងត្រូវប្រើប្រាស់ជាចម្បងដើម្បីដឹកជញ្ជូនគ្រឿងផ្គុំ សម្រាប់ការសាងសង់ស្ថានីយអវកាសផ្ទាល់ខ្លួនរបស់ចិន។ នេះបើតាមការ​ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន ស៊ីនហួរ នៅថ្ងៃអង្គារ ទី០៥​ ខែឧសភា ឆ្នាំ២០២០។

គ្រាប់រ៉ុក្កែតធំពណ៌សខាងលើ បានហោះឡើងចេញពីមជ្ឈមណ្ឌលបាញ់បង្ហោះយានអវកាស Wenchang ដែលស្ថិតខេត្តដីកោះហៃណាន ភាគខាងត្បូងប្រទេសចិន កាលពីវេលាម៉ោង០៦​៖០០នាទីយប់ថ្ងៃអង្គារនេះ (ម៉ោងក្នុងតំបន់នៅទីក្រុងប៉េកាំង)។ វត្ថុដែលរ៉ុក្កែតនោះបាននាំ​ទៅកាន់ទីអវកាស កំឡុងការហោះហើរសាកល្បងរបស់វា គឺគំរូយានអវកាសជំនាន់ថ្មីរបស់ចិន សម្រាប់ដឹកអវកាសយានិក។ យានតេស្ត​នោះ ត្រូវបានបញ្ជូនចូលទៅដល់គន្លងអវកាស ដែលត្រូវបានកំណត់ទុកដោយជោគជ័យ។

គួរជម្រាបថា អាជ្ញាធរផ្នែកអវកាសចិន បានចាត់ទុកការបាញ់បង្ហោះដោយជោគជ័យនៃគ្រាប់រ៉ុក្កែត Long March 5B ជាការបើកសម្ពោធនូវ​​ដំណាក់កាលទី៣ នៃកម្មវិធីរុករកក្នុងទីអវកាសដោយមនុស្សរបស់ប្រទេសចិន គឺការសាងសង់ស្ថានីយអវកាស ខណៈ Long March 5B ត្រូវ​បានអភិវឌ្ឍឡើងជាពិសេសដើម្បីសម្រេចគោលដៅនេះ៕