(ប៉េកាំង)៖ ក្រសួងសន្តិសុខជាតិចិន បានប្រគល់នូវរបាយការណ៍វិភាគស្ថានការណ៍ រួមទាំងសារព្រមាន ជូនលោកប្រធានាធិបតី ស៊ី ជិនពីង ពីការកើនឡើងនៃការ សាបព្រោះគំនិតប្រឆាំងចិន នៅទូទាំងពិភពលោក ដែលប្រការនេះអាចនឹងនាំទៅរកការផ្ទុះជម្លោះប្រដាប់អាវុធដោយផ្ទាល់ ជាមួយសហរដ្ឋអាមេរិក។ នេះបើតាមការ ដកស្រង់ផ្សាយពីទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី០៥ ខែឧសភា ឆ្នាំ២០២០។

ទីភ្នាក់ងារព័ត៌មាន Reuters ផ្អែកលើប្រភពខ្លួនទទួលបានក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានឱ្យដឹងទៀតថា របាយការណ៍វិភាគស្ថានការណ៍ និងសារព្រមាន ខាងលើ ដែលត្រូវបានប្រគល់ជូនលោក ស៊ី ជិនពីង កាលពីថ្ងៃមេសា កន្លងទៅ បានរៀបរាប់ពីការសាបព្រោះគំនិតស្អប់ និងប្រឆាំងចិន ដោយសារតែការឆ្លងរាតត្បាត COVID-19 ក្នុងកម្រិតខ្ពស់បំផុតមួយចាប់តាំងពីឧប្បដិហេតុ នៅទីលាន Tiananmen ក្នុងឆ្នាំ១៩៨៩ មក។

បើតាមប្រភពដដែល សហរដ្ឋអាមេរិក ក៏បានចាត់ទុកផងដែរថា ការកើនឡើងនៃសេដ្ឋកិច្ចចិន គឺជាការគំរាមកំហែងដល់សេដ្ឋកិច្ច និងសន្តិសុខជាតិអាមេរិក រួមទាំង ប្រព័ន្ធប្រជាធិបតេយ្យស្ដង់ដារលោកខាងលិច។ ចំណែកឯ ចិនវិញ យល់ថាសហរដ្ឋអាមេរិក កំពុងបំផ្លាញការដឹកនាំរបស់គណបក្សកុម្មុយនិស្ដចិន តាមរយៈការ បំផ្លាញទំនុកចិត្តរបស់មហាជន មកលើគណបក្ស។

គួរជម្រាបថា ការចេញផ្សាយសេចក្ដីរាយការណ៍របស់ Reuters កើតមានឡើងនៅចំពេល សហរដ្ឋអាមេរិក បានចោទប្រកាន់ថា COVID-19 មានប្រភពចេញពី មន្ទីរពិសោធន៍ទីក្រុងវូហាន ហើយថា ចិនបានបិទបាំងព័ត៌មានពាក់ព័ន្ធនឹងករណីឆ្លង និងស្លាប់ តាំងតែពីដំបូងនៃការផ្ទុះឡើងនូវជំងឺដ៏កាចសាហាវនេះ។ ប៉ុន្តែ ខាង ទីក្រុងប៉េកាំង បានទាត់ចោលការចោទប្រកាន់ទាំងនេះ ដោយអះអាងថាវាជារឿងមិនពិត និងគ្មានមូលដ្ឋាន៕