(សេអ៊ូល)៖ ក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូង បានកត់ត្រាករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ត្រឹមតែ ០៣ករណីប៉ុណ្ណោះ ដែលជាតួលេខឆ្លងប្រចាំថ្ងៃទាបបំផុត សម្រាប់រយៈពេល ៧៧ថ្ងៃកន្លងមកនេះ ខណៈករណីឆ្លងសរុបបានកើនដល់ ១០,៨០៤ករណី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានស៊ីនហួរ នារសៀលថ្ងៃអង្គារ ទី០៥ ខែឧសភា ឆ្នាំ២០២០។

បូកទាំងថ្ងៃនេះទៀត កូរ៉េខាងត្បូងបានស្គាល់តួលេខអ្នកឆ្លងថ្មីប្រចាំថ្ងៃ នៅក្រោមខ្ទង់ ២០ អស់រយៈពេល ១៨ថ្ងៃជាប់ៗគ្នាមកហើយ ដោយក្នុងចំណោមករណីឆ្លងៗនេះទៀតសោត មានមួយផ្នែកធំជាករណីនាំចូលពីក្រៅប្រទេស។ តួយ៉ាងដូចករណីឆ្លងថ្មី ដែលបានរាយការណ៍នៅថ្ងៃនេះជាដើម គឺសុទ្ធតែជាករណីនាំចូលពីក្រៅប្រទេសទាំងអស់ ដែលនាំឲ្យករណីនាំចូលសរុប ទៅក្នុងប្រទេសមួយនេះកើនឡើងដល់ ១,១០២ករណី។

នៅក្នុងរយៈពេលដូចគ្នានេះ កូរ៉េខាងត្បូងក៏បានរកឃើញករណីស្លាប់ចំនួន ០២ករណីបន្ថែមទៀតដែរ ដែលនាំឲ្យចំនួនសរុបកើនដល់ ២៥៤នាក់ ឬស្មើនឹង ២.៣៥% នៃចំនួនករណីឆ្លងសរុបនៅទូទាំងប្រទេស។ ដោយឡែកសម្រាប់របាយការណ៍ ស្តីអំពីតួលេខសរុបនៃអ្នកជាសះស្បើយឡើងវិញ អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងក៏បានបញ្ជាក់ដែរថា បានកើនដល់ ៩,២៨៣ នាក់ហើយ ឬស្មើនឹង ៨៥.៩% នៃអ្នកជំងឺសរុប បន្ទាប់ពីអ្នកជំងឺចំនួន ៦៦នាក់បន្ថែមទៀត ទើបតែបានព្យាបាលឲ្យជាសះស្បើយ និងបានចាកចេញពីមន្ទីរពេទ្យកាលពីម្សិលមិញនេះ។

គួរជម្រាបថា គិតចាប់តាំងពីថ្ងៃទី០៣ ខែមករាមក កូរ៉េខាងត្បូងបានធ្វើតេស្តរក COVID-19 លើមនុស្សច្រើនជាង ៦៤០,០០០នាក់ហើយ ក្នុងចំណោមនោះ ៦២០,៥៧៥ នាក់មានលទ្ធផលអវិជ្ជមាន ខណៈ ៨,៨៥៨នាក់កំពុងស្ថិតក្នុងការតាមដាន៕