(បាងកក)៖ នាថ្ងៃអង្គារនេះអាជ្ញាធរសុខាភិបាលនៃប្រទេសថៃ បានប្រកាសរកឃើញករណីឆ្លងថ្មីនៃជំងឺ COVID-19 តែម្នាក់ប៉ុណ្ណោះ និងមិនមានអ្នកស្លាប់ថ្មីទៀតនោះឡើយ សម្រាប់រយៈពេលពេញមួយថ្ងៃ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅរសៀលថ្ងៃអង្គារ ទី០៥ ខែឧសភា ឆ្នាំ២០២០។

យោងតាមការបញ្ជាក់របស់អាជ្ញាធរថៃ ករណីថ្មីនោះគឺជាបុរសជនជាតិថៃម្នាក់មានអាយុ ៤៥ឆ្នាំ មានរស់នៅខេត្តណារ៉ាធីវ៉ាត់ ភាគខាងត្បូងនៃប្រទេសថៃ។ ទាក់ទិនស្ថានការណ៍នៃការរាតត្បាត COVID-19 លោក ថាវីស៊ីន វិសានុយោធិន (Taweesin Wisanuyothin) អ្នកនាំពាក្យមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺ COVID-19 របស់រដ្ឋាភិបាលថៃ បាននិយាយថា អត្រាឆ្លងថ្មីៗប្រចាំថ្ងៃនៅក្នុងប្រទេសថៃទាំងមូល គឺបានថយចុះក្នុងរយៈពេល ០២សប្តាហ៍ចុងក្រោយនេះ លើកលែងតែការឆ្លងជាចង្កោម ក្នុងមណ្ឌលឃុំខ្លួនជនអន្តោប្រវេសន៍មួយកន្លែង នៅភាគខាងត្បូងប្រទេស ដែលកំឡុងពេលដូចគ្នានេះ ត្រូវបានរកឃើញអ្នកឆ្លងសរុប ៦០នាក់។

គួរជម្រាបថា សរុបមកទល់ពេលនេះ ករណីឆ្លង COVID-19 នៅក្នុងប្រទេសថៃ សរុបមាន ២,៩៨៨ករណី ក្នុងនោះស្លាប់ ៥៤នាក់ និង ២,៧៤៧នាក់បាន ជាសះស្បើយ ស្របពេលដែលអ្នកជំងឺ ១៨៧នាក់ កំពុងបន្តសម្រាកព្យាបាលនៅឯមន្ទីរពេទ្យ។ ការសម្រេចបាននូវអត្រាឆ្លង ធ្លាក់ចុះមកទាបវិញ គឺចាប់តាំងតែពីរដ្ឋាភិបាលថៃ បានសម្រេចដាក់ប្រទេសនេះទៅក្នុងគ្រាអាសន្ន កាលពីថ្ងៃទី២៦ ខែមីនា ដើម្បីទប់ទល់ការឆ្លងរាលដាលនៃ COVID-19 ហើយវានឹងត្រូវបន្តរហូតដល់ថ្ងៃទី៣១ ខែឧសភា បើទោះបីជាអត្រាឆ្លងថយមកនៅទាបក៏ដោយ៕