(ព្រុចសែល)៖ មេដឹកនាំពិភពលោកនៅថ្ងៃចន្ទសប្ដាហ៍នេះ បានអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការ មិនមែនការប្រកួតប្រជែងឡើយ ក្នុងការស្រាវជ្រាវផលិតវ៉ាក់សាំងប្រឆាំង COVID-19 ខណៈពួកគេបានសន្យាថា នឹងបរិច្ចាគប្រាក់ ៧.៥ពាន់លានអឺរ៉ូ (៨.១ពាន់លានដុល្លារ)។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅរសៀលថ្ងៃអង្គារ ទី០៥ ខែឧសភា ឆ្នាំ២០២០។

ការសន្យាខាងលើធ្វើឡើងនៅក្នុងវេទិការៃអង្គាសប្រាក់ តាមវីដេអូខុនហ្វេរិន រៀបចំឡើងដោយមេដឹកនាំអឺរ៉ុប រួមជាមួយជប៉ុន និងកាណាដា។ ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី យូស៊ូឡា វ៉ុន ដឺ ឡេយេន (Ursula von der Leyen) បានបញ្ជាក់ថា វ៉ាក់សាំងគឺជាមធ្យោបាយដ៏ល្អបំផុត ដែលអាចកម្ចាត់ COVID-19 ហើយប្រមុខអង្គការសុខភាពពិភពលោក លោក ថេដ្រូស អាដាណម ហ្គេប្រេយែសឹស (Tedros Adhanom Ghebreyesus) ក៏បានសម្តែងការសាទរ ចំពោះការរៃអង្គាសនេះប្រាក់នេះផងដែរ ព្រោះជាទង្វើបង្ហាញពីសាមគ្គីភាពជាសកល។

ប៉ុន្តែទន្ទឹមគ្នា វេទិការៃអង្គាសប្រាក់តាមវីដេអូខុនហ្វេរិន មិនមានវត្តមានក្រុមអ្នកតំណាង មកពីភាគីសហរដ្ឋអាមេរិកនោះឡើយ។

គួរជម្រាបថា បើតាមលោកស្រី Ursula von der Leyen ទឹកប្រាក់ ៧.៥ពាន់លានអឺរ៉ូ មាន៤ពាន់លានអឺរ៉ូ នឹងត្រូវបានប្រើប្រាស់ក្នុងការអភិវឌ្ឍវ៉ាក់សាំង, ២ពាន់លានអឺរ៉ូ ផ្ដោតលើការស្រាវជ្រាវសម្រាប់ការព្យាបាល និង១.៥ពាន់លានអឺរ៉ូ សម្រាប់ការធ្វើតេស្ដ៕