(ព្រុចសែល)៖ ប្រទេសចិននឹងចាត់វិធានការជាជំហានៗ ក្នុងនោះរួមមានទាំងបង្កើនមូលនិធិពិសេស ស្ដីពីកិច្ចសហប្រតិបត្តិការ COVID-19 និងពិចារណាបរិច្ចាគបន្ថែមទៅឱ្យអង្គការមនុស្សធម៌ GHRP (Global Humanitarian Response Plan) នៃអង្គការសហប្រជាជាតិ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសកល ព្រមទាំងកម្ចាត់ជំងឺ COVID-19 ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី០៥ ខែឧសភា ឆ្នាំ២០២០។

ការប្រកាសខាងលើត្រូវបានធ្វើឡើង នៅក្នុងវេទិការមួយស្ដីពី COVID-19 នៅថ្ងៃចន្ទសប្ដាហ៍នេះ (ម៉ោងនៅក្នុងតំបន់) ដោយលោក ចាង មីង (Zhang Ming) នាយកបេសកកម្មចិនប្រចាំសហភាពអឺរ៉ុប។ លោក Zhang Ming បានបន្ថែមថា រដ្ឋាភិបាលចិនបានបង្កើតមូលនិធិពិសេស​ស្ដីពីកិច្ចសហប្រតិបត្តិការ COVID-19 ក្នុងទឹកប្រាក់ ២ពាន់លានយ័ន ឬ ២៨៣លានដុល្លារ ហើយបានផ្ដល់ជំនួយចាំបាច់ទៅកាន់ប្រទេសចំនួន ១៥០ និងអង្គការអន្តរជាតិនានាថែមទៀត។

គួរបញ្ជាក់ថា បើតាមលោក Zhang Ming រដ្ឋាភិបាលចិនបានវិនិយោគប្រាក់ ១ពាន់លានយ័ន លើការសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រពាក់ព័ន្ធនឹង COVID-19 ខណៈវិទ្យាសា្ថនស្រាវជ្រាវ រួមទាំងបណ្ដាក្រុមហ៊ុនចិន កំពុងវិនិយោគប្រាក់បន្ថែមទៀត។ មិនតែប៉ុណ្ណោះ ក្នុងរយៈពេល ២ខែកន្លងមកនេះ ក្រុមហ៊ុនចិនជាច្រើន ក៏បានផ្គត់ផ្គង់ម៉ាសចំនួន ២៤ពាន់លានម៉ាស, សម្លៀកបំពាក់ការពារ ១២០លានកំផ្លេ និងឧបករណ៍ដកដង្ហើម (ventilators) ចំនួន ៤៤,០០០គ្រឿង ទៅកាន់ប្រទេសជាច្រើន៕