(កាលីហ្វរញ៉ា)៖ អភិបាលរដ្ឋកាលីហ្វរញ៉ា លោក ហ្គាវីន ញូសុម (Gavin Newsom) បានប្រកាសនៅថ្ងៃចន្ទសប្តាហ៍នេះថា រដ្ឋកាលីហ្វរញ៉ាដែលមានប្រជាជន រស់នៅច្រើនជាងគេបំផុត ក្នុងចំណោមរដ្ឋនានារបស់សហរដ្ឋអាមេរិក នឹងចាប់ផ្តើមសំណើរការសេដ្ឋកិច្ចឡើងវិញ ជាដំណាក់កាលៗនៅចុងសប្តាហ៍នេះហើយ បន្ទាប់ពីត្រូវជាប់គាំង ព្រោះតែការរាតត្បាតនៃជំងឺ COVID-19។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី០៥ ខែឧសភា ឆ្នាំ២០២០។

លោក Newsom បាននិយាយថា លោកនឹងអនុញ្ញាតឲ្យហាងលក់ដូរទំនិញ ចាប់ផ្តើមបើកទ្វារឡើងវិញ រួមមានហាងលក់សម្លៀកបំពាក់ ហាងលក់ផ្កា និងហាងលក់សម្ភារៈកីឡាជាដើម ព្រមទាំងហាងផ្សេងៗទៀត ដែលផ្តល់សេវាឲ្យអតិថិជនអាចទៅយកទំនិញបាន ដោយពុំចាំបាច់ចុះពីយានយន្ត។ លោក Newsom បានបញ្ជាក់ទៀតថា ការសម្រេចចាប់ផ្តើមបើកដំណើរការសេដ្ឋកិច្ចឡើងវិញនេះ គឺយោងទៅតាមការវិភាគទិន្នន័យ និងផ្នែកវិទ្យាសាស្រ្ត។

គួរជម្រាបថា លោកអភិបាលរដ្ឋកាលីហ្វរញ៉ាបានប្រកាសនូវផែនការ ស្តីពីការបើកសេដ្ឋកិច្ចឡើងវិញដោយសន្សឹមៗ កាលពីសប្តាហ៍មុន ស្របពេលដែលលោកប្រឈមនឹងសម្ពាធកាន់តែខ្លាំងឡើង ពីមហាជន និងមន្រ្តីនៅក្នុងរដ្ឋកាលីហ្វរញ៉ាផ្ទាល់ ដែលចង់ឲ្យបន្ធូរបន្ថយការ ដាក់កំហិតផ្សេងៗប្រឆាំងនឹងការឆ្លងរាលដាលនៃ COVID-19។ កាលពីចុងសប្តាហ៍កន្លងទៅនេះ ប្រជាជនអាមេរិកបានប្រមូលផ្តុំគ្នានៅ ទីក្រុងមួយចំនួននៃរដ្ឋកាលីហ្វរញ៉ា ដើម្បីទាមទារឲ្យលោក Newsom ដកការរឹតត្បិតហើយបើករដ្ឋឡើងវិញឲ្យបានឆាប់។

គួរជម្រាបថា ក្រឡេកទៅមើលចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងសហរដ្ឋអាមេរិកវិញ គឺនាពេលនេះបានកើនដល់ ១,២១២,៨៣៥ករណី ក្នុងនោះស្លាប់ ៦៩,៩២១នាក់ ខណៈជាសះស្បើយមាន ១៨៨,០២៧នាក់។ ក្នុងចំណោមតួលេខទាំងនោះ កាលីហ្វរញ៉ាមានអ្នកឆ្លង៥៦,០៨៩នាក់ ជារដ្ឋនៅលេខរៀងទី ០៥ ដែលមានករណីឆ្លងច្រើនជាងគេ ប្រចាំសហរដ្ឋអាមេរិក ហើយមានអ្នកស្លាប់ ២,២៨៣នាក់៕