(ខេបថោន)៖ ប្រទេសអាហ្វ្រិកខាងត្បូងបានរាយការណ៍អំពីការកើនឡើងវិញ នូវអត្រាឆ្លង COVID-19 ប្រចាំថ្ងៃ ក្រោយការកាត់បន្ថយវិធានការរឹតត្បិត បានតែពីរថ្ងៃប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃចន្ទ ទី០៤ ខែឧសភា ឆ្នាំ២០២០។

កាលពីថ្ងៃអាទិត្យម្សិលមិញនេះ ប្រទេសអាហ្វ្រិកខាងត្បូងបានរាយការណ៍ អំពីការរកឃើញអ្នកឆ្លង COVID-19 ថ្មីៗរហូតដល់ ៤៤៧នាក់ក្នុងមួយថ្ងៃ ដែលនាំឲ្យចំនួនករណីឆ្លងសរុបកើនដល់ ៦,៧៨៣ករណី។ រដ្ឋមន្ត្រីសុខាភិបាលអាហ្វ្រិកខាងត្បូងលោក ស្វេលី ម៉ាឃីស (Zweli Mkhize) បានលើកឡើងថា អត្រាឆ្លងខាងលើនេះ គឺខ្ពស់បំផុតគិតចាប់តាំងពីប្រទេសនេះ កើតមានករណីឆ្លងដំបូងកាលពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០។

គួរបញ្ជាក់ថា ក្រៅពីការរកឃើញចំនួនអ្នកឆ្លងបន្ថែម អ្នកជំងឺដែលបានបាត់បង់ជីវិត ក៏មាន ០៨នាក់បន្ថែមទៀតដែរ នាំឲ្យចំនួនសរុបកើនដល់ ១៣១នាក់។ សម្រាប់រដ្ឋធានី ខេបថោន (Cape Town) គឺនៅតែជាចំណុចដែលរងគ្រោះធ្ងន់ ជាមួយករណីឆ្លងសរុប ៣,០៤៤ករណី។

ឆ្លើយតបទៅនឹងការផ្ទុះករណីឆ្លងជាថ្មីនោះ អាហ្វ្រិកខាងត្បូងក៏បានសម្រេច បង្កើនការត្រួតពិនិត្យឡើងវិញផងដែរ ទៅលើកន្លែងបំពេញកិច្ចការងារនានា និងការបន្តធ្វើតេស្តទៅករណីសង្ស័យ ប៉ុន្តែវិស័យពាណិជ្ជកម្មក្នុងស្រុកមួយចំនួន ដែលបានតម្រូវឲ្យបើកដំណើរការឡើងវិញនោះ គឺមិនមានការកែប្រែឡើយ៕