(ម៉ូស្គូ)៖ នាថ្ងៃសុក្រនេះរុស្ស៊ីបានប្រកាសរកឃើញអ្នកឆ្លង COVID-19 ចំនួន ៧,៩៣៣នាក់ថ្មី ដែលជាអត្រាឆ្លងប្រចាំថ្ងៃខ្ពស់មួយកម្រិតថែមទៀត និងធ្វើឲ្យតួលេខអ្នកឆ្លងសរុប នៅប្រទេសរុស្ស៉ីកើនដល់ ១១៤,៤៣១នាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃសុក្រ ទី០១ ខែឧសភា ឆ្នាំ២០២០។

បើតាមអាជ្ញាធរសុខាភិបាលរុស្ស៊ី ចំនួនអ្នកស្លាប់ក៏បានកើនដល់ ១,១៦៩នាក់ផងដែរ បន្ទាប់រកឃើញអ្នកស្លាប់ថ្មី ៩៦នាក់ និង ១៣,២២០នាក់បានជាសះស្បើយឡើងវិញ។ មកទល់នឹងថ្ងៃសុក្រនេះ រុស្ស៉ីក្លាយជាប្រទេសលេខរៀងទី ៨ ដែលមានករណីឆ្លងដល់ខ្ទង់សែននាក់ ហើយស្ថិតនៅលេខរៀងដូចគ្នានេះដដែល ក្នុងចំណោមបណ្តាប្រទេស ដែលទទួលរងគ្រោះធ្ងន់ធ្ងរខ្លាំងបំផុត នៅលើពិភពលោកដោយសារ COVID-19 បើគិតពីចំនួនអ្នកឆ្លង។

បន្ថែមពីខាងលើនេះ ចំនួនអ្នកឆ្លង COVID-19 នៅរុស្ស៉ីបានវ៉ាដាច់ចិន និងអ៉ីរ៉ង់នាពេលកន្លងទៅក្នុងសប្តាហ៍នេះ ហើយការកើនឡើងនៃចំនួនអ្នកឆ្លងខាងលើ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ត្រូវបានរាយការណ៍តែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីនាយករដ្ឋមន្ត្រីរុស្ស៊ី លោក មីខេល មីសហ៊ូស្ទីន (Mikhail Mishustin) បានអះអាងថា លោកឆ្លង COVID-19។

គួរជម្រាបថា នៅចំពោះមុខការកើនឡើងខ្លាំងនៃអត្រាអ្នកឆ្លង COVID-19 នៅក្នុងប្រទេសរុស្ស៉ី ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បានសម្រេចអូសបន្លាយពេលវេលា នៃការអនុវត្តវិធានការរឹតបន្តឹង ដើម្បីទប់ទល់ការឆ្លងរាលដាលនៃជំងឺនេះ រួមមានការឲ្យប្រជាជនឈប់ សម្រាកជាដើមរហូតដល់ថ្ងៃទី១១ ខែឧសភា។ សម្រាប់នៅទីក្រុងម៉ូស្គូ នឹងចាប់ផ្តើមមានការសាងសង់មន្ទីពេទ្យបណ្តោះអាសន្ន ដែលនឹងអាចផ្តល់គ្រែសរុប ១០,០០០គ្រឿងសម្រាប់អ្នកជំងឺ COVID-19៕