(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានព្រមានដំឡើងពន្ធសាជាថ្មី លើទំនិញនាំចូលពីប្រទេសចិន ខណៈរដ្ឋបាលរបស់លោកត្រូវបានគេរាយការណ៍ថា កំពុងពិភាក្សាពីវិធានការសងសឹកនឹងទីក្រុងប៉េកាំង ជុំវិញការឆ្លងរាតត្បាត COVID-19។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃសុក្រ ទី០១ ខែឧសភា ឆ្នាំ២០២០។

ការព្រមានខាងលើរបស់លោក ដូណាល់ ត្រាំ ធ្វើនៅក្នុងសន្និសីទសារព័ត៌មានមួយ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) និងបន្ទាប់ពីលោកផ្ទាល់បានចោទចិនថា មានចេតនាប្រើប្រាស់ COVID-19 ដើម្បីធ្វើយ៉ាងណាឱ្យលោកចាញ់ នៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក នៅខែវិចិ្ឆកាឆ្នាំ២០២០ ខាងមុខនេះ។ ស្ថិតក្នុងឱកាសនោះ លោក ត្រាំ បានលើកឡើងយ៉ាងដូច្នេះថា «យើងបានចុះហត្ថលេខា លើកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដែលពួកគេ (ចិន) ត្រូវបានតម្រូវឱ្យទិញផលិតផល ហើយបច្ចុប្បន្នពួកគេបានទិញផលិតផល ជាច្រើនពីពួកយើង។ ប៉ុន្តែឥឡូវកិច្ចព្រមព្រៀងនេះ វាបានក្លាយជារឿងសំខាន់ បន្ទាប់បន្សំប៉ុណ្ណោះដោយសារបញ្ហា COVID-19»

លោក ត្រាំ បានបន្ថែមទៀតថា ស្ថានភាព COVID-19 គឺជារឿងមិនអាចទទួលយកបាន។ ដោយឡែក នៅពេលត្រូវបានអ្នកសារព័ត៌មានសួរថា តើលោកនឹងដាក់ពិន័យ លើទីក្រុងប៉េកាំងដែរឬទេ ប្រធានាធិបតីអាមេរិករូបនេះ បានបញ្ជាក់ដូច្នេះថា «ជាការពិតណាស់, ខ្ញុំអាចធ្វើវាផ្សេងៗពីគ្នា ហើយខ្ញុំអាចធ្វើរឿងដដែលឡើងវិញក៏បាន នោះគឺការដំឡើងពន្ធ»

គួរជម្រាបថា មន្ត្រីអាមេរិកពីររូបក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានប្រាប់ Reuters បន្ថែមថា ជម្រើសជាច្រើននៃវិធានការប្រឆាំងនឹងចិន ជុំវិញបញ្ហា COVID-19 កំពុងស្ថិតនៅក្រោមការពិចារណា ប៉ុន្តែទន្ទឹមគ្នា ពួកគេបានអះអាងដែរថា វាស្ថិតនៅក្នុងតំណាក់កាលទីមួយតែប៉ុណ្ណោះ ហើយអនុសាសន៍ក៏មិនទាន់ទៅដល់ដៃ ក្រុមមន្ត្រីទីប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់របស់ លោកប្រធានាធិបតីនោះដែរ៕