(ឡុងដ៍)៖ នាយករដ្ឋមន្ត្រីអង់គ្លេសលោក បូរីស ចនសុន បាននិយាយនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា ប្រទេសរបស់លោក «ឆ្លងផុតចំណុចកំពូល» នៃការផ្ទុះជំងឺ COVID-19 ហើយ ខណៈអ្នកជំងឺ ៦៧៤នាក់បន្ថែមទៀតបានបាត់បង់ជីវិត នៅក្នុងពេលតែមួយថ្ងៃ នាំឲ្យចំនួនមនុស្សស្លាប់សរុបកើនដល់ ២៦,៧១១នាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃសុក្រ ទី០១ ខែឧសភា ឆ្នាំ២០២០។

លោក បូរីស ចនសុន បានថ្លែងប្រាប់អ្នកសារព័ត៌មាននានា នៅក្នុងទីក្រុងឡុងដ៍យ៉ាងដូច្នេះថា «យើងឆ្លងផុតចំណុចកំពូលនៃជំងឺនេះ និងកំពុងស្ថិតក្នុងដំណើរទៅរកការធ្លាក់ចុះ។ ផែនការគ្រប់ជ្រុងជ្រោយមួយ នឹងត្រូវបានចេញផ្សាយនៅសប្តាហ៍ក្រោយ ដែលវានឹងផ្តោតសំខាន់លើបញ្ហាបីដូចជា៖ វិធីដែលអង់គ្លេសអាចដំណើរសេដ្ឋកិច្ចជាថ្មី, ការអនុញ្ញាតឲ្យក្មេងៗចូលសាលារៀនវិញ និង ការបើកឲ្យពលរដ្ឋទៅបំពេញកិច្ចការងារជាធម្មតា»

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ចក្រភពអង់គ្លេសបានធ្វើតេស្តរក COVID-19 លើមនុស្សសរុប ៩០១,៩០៥នាក់ហើយ។ បន្ថែមពីនេះគោលការណ៍ជាច្រើនត្រូវបានដាក់ចេញ ដើម្បីធានាឲ្យបាននូវការធ្លាក់ចុះវិញសម្រាប់ករណីឆ្លង និងស្លាប់ដោយសារ COVID-19 ហើយចំណែកវ៉ាក់សាំងប្រឆាំងមេរោគកូរ៉ូណា ក៏កំពុងស្ថិតនៅក្នុងការអភិវឌ្ឍ និងសាកល្បងផងដែរ។

បច្ចុប្បន្នចក្រភពអង់គ្លេសមានករណីឆ្លង COVID-19 សរុប ១៧១,២៥៣ករណី ក្នុងនោះស្លាប់ ២៦,៧៧១នាក់ និងចំនួនអ្នកជាសះស្បើយឡើងវិញ នៅតែមិនមានបញ្ជាក់៕