(វ៉ាស៊ីនតោន)៖ លោក Tim Ray មេបញ្ជាការនៃអគ្គបញ្ជាការដ្ឋាន Global Strike របស់កងទ័ពអាកាសអាមេរិក ទើបតែនិយាយថា កងកម្លាំងយោធាអាមេរិកនៅតែមានសមត្ថភាពគ្រប់គ្រាន់ដើម្បីប្រយុទ្ធ និងប្រើប្រាស់អាវុធនុយក្លេអ៊ែររបស់ខ្លួន ប្រសិនបើមាន សង្រ្គាមផ្ទុះឡើង ទោះបីត្រូវប្រឈមនឹងបញ្ហាផ្សេងៗដែលជំងឺរាតត្បាត COVID-19 កំពុងបង្កឡើងក៏ដោយ។ នេះបើតាមការដក ស្រង់ការផ្សាយចេញពីសារព័ត៌មាន Sputnik នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែមេសា ឆ្នាំ២០២០។

លោក Ray បាននិយាយដូច្នេះថា «ពួកយើងបានចាប់វិធានការចាំបាច់នានារួចជាស្រេច ដើម្បីធានាថាយន្តហោះទម្លាក់គ្រាប់បែក នុយក្លេអ៊ែរ និងមីស៊ីលផ្លោងឆ្លងទ្វីប ICBM ដែលអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ ត្រូវបានត្រៀមរួចជាស្រេចដើម្បីប្រើប្រាស់ និង ទៅដល់គ្រប់គោលដៅទាំងអស់លើភពផែនដីនេះ នៅគ្រប់ពេលវេលា ពោលគឺពុំមានការរាំងស្ទះដោយសារ COVID-19 ឡើយ ដោយយោធាយើងនៅតែអាចបន្តរក្សាសមត្ថភាពប្រុងជើងការ និងការឆ្លើយតប ក្នុងកម្រិតខ្ពស់បំផុតដដែល»

លោក Ray បានបញ្ជាក់គូសបញ្ជាក់ថា កងទ័ពអាកាសអាមេរិកបានចាប់ផ្តើមអភិវឌ្ឍផែនការ ដើម្បីរក្សាការធ្វើប្រតិបត្តិការប្រកប ដោយប្រសិទ្ធភាពដដែល ព្រមទាំងអាចការពារសុវត្ថិភាពកងកម្លាំងខ្លួន ក្នុងករណីមានការវាយលុកខ្លាំងពី COVID-19 តាំងតែពី ជំងឺនេះ មិនទាន់ឆ្លងរាលដាលខ្លាំងចេញពីប្រទេសចិនមកម្ល៉េះ។

គួរជម្រាបថា យ៉ាងណាមិញ យោងតាមទិន្នន័យពីក្រសួងការពារជាតិអាមេរិក កងទ័ពអាមេរិកសរុបប្រហែល៦,៧៥៤នាក់បានឆ្លង COVID-19 ហើយការរាតត្បាតនៃជំងឺនេះ បានប៉ះពាល់ដល់មូលដ្ឋានទ័ពអាមេរិកមួយចំនួននៅឯបរទេស រួមជាមួយនាវាយោធា ប៉ុន្មានគ្រឿងផងដែរ៕