(បាងកក)៖ អាជ្ញាធរសុខាភិបាលថៃ នៅថ្ងៃព្រហស្បតិ៍នេះ បានប្រកាសពីការរកឃើញករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន ០៧ករណីបន្ថែមទៀត ប៉ុន្តែមិនមាន ករណីស្លាប់នោះទេ។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នារសៀលថ្ងៃព្រហស្បតិ៍ ទី៣០ ខែមេសា ឆ្នាំ២០២០។

បើបូកបញ្ជូលករណីឆ្លងថ្មីៗទាំង ០៧ករណីខាងលើនេះ វាធ្វើឲ្យចំនួនករណីឆ្លងសរុប នៃជំងឺ COVID-19 នៅក្នុងប្រទេសអាស៊ានមួយនេះកើនដល់ ២,៩៥៤ករណី ហើយ ដោយក្នុងនោះអ្នកជំងឺចំនួន ៥៤នាក់ស្លាប់បាត់បង់ជីវិត។

គួរជម្រាបថា តួលេខឆ្លងប្រចាំថ្ងៃនៅក្នុប្រទេសថៃ គឺស្ថិតក្នុងលេខខ្ទង់ក្រោម ១០ករណី ០៤ថ្ងៃជាប់ៗគ្នា ខណៈអ្នកជំងឺប្រមាណ ៩១% នៃចំនួន អ្នកជំងឺសរុបទាំង ២,៩៥៤ករណី បានជាសះស្បើយឡើងវិញ ដែលនេះមានន័យថា ចំនួនករណីសកម្មដែលកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យនៅឡើយ មានត្រឹមតែ ២១៣ នាក់ប៉ុណ្ណោះ៕