(យេម៉ែន)៖ កាលពីថ្ងៃពុធសប្តាហ៍នេះ ប្រទេសយេម៉ែនបានប្រកាសពីករណីអ្នកជំងឺ COVID-19 ០២នាក់ដំបូង ដែលបានបាត់បង់ជីវិត។​ នេះ​បើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន ស៊ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី៣៩ ខែមេសា ឆ្នាំ២០២០។

ក្រសួងសុខាភិបាលយេម៉ែនក៏បានឲ្យដឹងដែរថា ក្នុងថ្ងៃដដែលអ្នកឆ្លងថ្មីចំនួន០៥ករណី ត្រូវបានរកឃើញបន្ថែមទៀតនៅទីក្រុង Aden ភាគ​ខាងត្បូងប្រទេស។ យេម៉ែនបានប្រកាសរកឃើញករណីឆ្លងដំបូងបំផុតនៃជំងឺ COVID-19 គឺនៅឯខេត្ត Hadramout ភាគខាងត្បូង កាលពី​ថ្ងៃទី១០ ខែមេសា។

ប្រធាន​សម្របសម្រួលកិច្ចការមនុស្សធម៌របស់អង្គការសហប្រជាជាតិប្រចាំនៅយេម៉ែន លោកស្រី Lise Grande កន្លងទៅក្នុងសប្តាហ៍នេះ បានព្រមានពីលទ្ធភាពនៃការឆ្លង​​រាលដាលខ្លាំង នៅក្នុងប្រទេសដែលទទួលការហែកហួរដោយការប្រយុទ្ធគ្នាមួយនេះ ខណៈសង្រ្គាមស៊ីវិល​ដែលអូសបន្លាយប្រមាណ០៥ឆ្នាំមក​ហើយ បានបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរលើប្រព័ន្ធសុខាភិបាលរបស់យេម៉ែន។

គួរជម្រាបថា សរុបមកនៅយេម៉ែនមានអ្នកឆ្លង COVID-19 សរុប០៦នាក់ ក្នុងនោះជាសះស្បើយម្នាក់ និងស្លាប់២នាក់៕