(ប៉េកាំង)៖ អាជ្ញាធរសុខាភិបាលចិននៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែមេសា ឆ្នាំ២០២០ នេះបានរាយការណ៍ឲ្យដឹងថា ក្នុងរយៈពេលពេញមួយថ្ងៃពុធម្សិលមិញនេះ ខ្លួនបានរកឃើញករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួនតែ ០៤ករណីបន្ថែមទៀតប៉ុណ្ណោះ នៅទូទាំងចិនដីគោកតែម្តង ហើយករណីឆ្លងថ្មីៗនេះទៀតសោត គឺសុទ្ធតែជាករណីនាំចូលពីក្រៅប្រទេស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។

ប្រការនេះវាបានធ្វើឲ្យករណីនាំចូលសរុបពីក្រៅប្រទេស បានកើនដល់ ១,៦៦៤ ករណីហើយ ដោយក្នុងនោះមានអ្នកជំងឺចំនួន ១,១៣៩នាក់បានជាសះស្បើយឡើងវិញ ខណៈ ៥២៥នាក់ ផ្សេងទៀងកំពុងសម្រាកព្យាបាលនៅឯមន្ទីរពេទ្យនៅឡើយ ជាមួយនឹង ១៣នាក់កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ ទោះជាយ៉ាងណា មិនមានករណីស្លាប់ ត្រូវបានរាយការណ៍ក្នុងចំណោមពួកគេទេ។

ដោយឡែកសម្រាប់របាយការណ៍ប្រចាំថ្ងៃ ស្តីពីតួលេខអ្នកជាសះស្បើយពីជំងឺ COVID-19 វិញ គណៈកម្មការសុខាភិបាលចិន (NHC) បានបង្ហាញឲ្យដឹងថា ចំនួនសរុបនៃអ្នកដែលបានជាសះស្បើយ នៅទូទាំងប្រទេសចិនបានកើនដល់ ៧៧,៦១០នាក់ហើយ បន្ទាប់ពីអ្នកជំងឺចំនួន ៣២នាក់បន្ថែមទៀត ទើបតែបានជាសះស្បើយ និងបានចាកចេញពីមន្ទីរពេទ្យ កាលពីថ្ងៃពុធទម្សិលមិញនេះ។

បើបូកបញ្ជូលទាំងករណីឆ្លងថ្មីៗ ដែលជាករណីនាំចូលទាំង ០៤ ខាងលើនេះ វាធ្វើឲ្យចំនួនករណីឆ្លងសរុបទាំងអស់ នៅទូទាំងចិនដីគោកបានកើនដល់ ៨២,៨៦២ករណី ខណៈតួលេខនៃករណីអ្នកស្លាប់ គឺនៅរក្សាបានត្រឹម ៤,៦៣៣នាក់ដដែល ពោលគឺគ្មានករណីស្លាប់ឡើយ សូម្បីតែម្នាក់កាលពីថ្ងៃពុធម្សិលមិញ៕