(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នាថ្ងៃពុធសប្តាហ៍នេះបាននិយាយថា បើយោងទៅតាមការជឿជាក់របស់លោក ការដែលចិនបណ្តោយឲ្យវិបត្តិ COVID-19 រាលដាលចេញពីប្រទេសខ្លួន ពាសពេញពិភពលោក គឺជាភស្តុតាងសបញ្ជាក់ឲ្យឃើញថា ចិននឹងធ្វើរឿងគ្រប់យ៉ាង តាមតែពួកគេបានធ្វើទៅបាន ដើម្បីឲ្យលោកចាញ់ក្នុងការបោះឆ្នោតប្រធានាធិបតីនៅខែវិច្ឆិកា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែមេសា ឆ្នាំ២០២០។

ក្នុងបទសម្ភាសន៍មួយជាមួយទីភ្នាក់ងារព័ត៌មាន Reuters នៅការិយាល័យ អូវ៉ល (Oval Office) នៃសេតវិមាន លោក ដូណាល់ ត្រាំ បាននិយាយថា «ចិននឹងធ្វើរឿងគ្រប់បែបយ៉ាង ដែលពួកគេអាចធ្វើទៅបាន ដើម្បីឲ្យរូបខ្ញុំមិនអាចជាប់ឆ្នោតម្តងទៀត»។ លោក ត្រាំ ជឿថា ទីក្រុងប៉េកាំងចង់ឲ្យគូប្រជែងរបស់លោក ដែលនៅបក្សប្រជាធិបតេយ្យគឺលោក ចូ បៃដិន (Joe Biden) ដែលជាអតីតអនុប្រធានាធិបតីអាមេរិក ឈ្នះការបោះឆ្នោតនៅខែវិច្ឆិកា ដើម្បីអាចបន្ធូរបន្ថយសម្ពាធ ដែលលោកបានដាក់ទៅលើប្រទេសចិននាពេលកន្លងមក ជុំវិញវិស័យពាណិជ្ជកម្ម និងបញ្ហាមួយចំនួនទៀត។

គួរជម្រាបថា លោក ត្រាំ បានបន្តទម្លាក់កំហុសទៅលើចិន ខណៈដែលជំងឺរាតត្បាតជាសកល COVID-19 បានសម្លាប់មនុស្សយ៉ាងហោច ៦ម៉ឺននាក់នៅសហរដ្ឋអាមេរិក និងបង្កការប៉ះពាល់យ៉ាងធ្ងន់ធ្ងរជាទីបំផុត ទៅលើសេដ្ឋកិច្ចរបស់ប្រទេសលោក។ លោក ត្រាំ យល់ឃើញថា ចិនគួរតែប្រកាសប្រាប់ពិភពលោកអំពី COVID-19 ឲ្យបានឆាប់ជាងអ្វីដែលចិនបានធ្វើ ប៉ុន្តែអ្នកជំនាញភាគច្រើនមើលឃើញថា លោក ត្រាំ ខ្លួនឯងឯណោះទៅវិញទេ ដែលជាអ្នកមិនបានត្រៀមខ្លួនទាន់ពេលវេលា ដោយសារការមើលងាយស្ថានការណ៍ ទើបធ្វើឲ្យអាមេរិករងការរាតត្បាតខ្លាំងក្លាដូចពេលនេះ៕