(ឡុងដ៍)៖ អ្នកជំងឺ COVID-19 សរុប ២៦,០៩៧នាក់ បានស្លាប់នៅក្នុងមន្ទីរពេទ្យ, មណ្ឌលថែទាំ និងនៅតាមសហគមន៍ធំៗ នៅទូទាំងចក្រភពអង់គ្លេស គិតត្រឹមថ្ងៃពុធម្សិលមិញ។ នេះបើតាមរដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក ដូមីនីក រ៉ាអេប (Dominic Raab) ដកស្រង់ និងចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែមេសា ឆ្នាំ២០២០។

នេះគឺជាលើកដំបូងហើយ ដែលរដ្ឋាភិបាលអង់គ្លេស បានរាប់បញ្ចូលតួលេខអ្នកស្លាប់នៅតាមមណ្ឌលថែទាំង និងសហគមន៍ បន្ថែមពីលើអ្នកស្លាប់នៅក្នុងមន្ទីរពេទ្យ។ លោក Raab បានបន្ថែមទៀតថា ចំនួនអ្នកស្លាប់ថ្មីបានកើនឡើង ៣,៨១១នាក់ នៅចន្លោះពីថ្ងៃទី០២ ខែមីនា និងថ្ងៃទី២៨ ខែមេសា ក្នុងនោះរួមមានទាំងអ្នកស្លាប់ ៧៦៥នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ គិតត្រឹមថ្ងៃអង្គារកន្លងទៅ។

គួរជម្រាបថា បើតាមលោក Dominic Raab គិតត្រឹមព្រឹកថ្ងៃពុធ មនុស្ស ៦៣២,៧៩៤នាក់ នៅចក្រភពអង់គ្លេសបានទទួលការធ្វើតេស្ដ ហើយក្នុងនោះ ១៦៥,២២១នាក់បានឆ្លង COVID-19 ខណៈចំនួនអ្នកជាសះស្បើយ នៅមិនទាន់មានការបញ្ជាក់នោះទេ។ បើគិតពីតួលេខស្លាប់ នៅអង់គ្លេសពេលនេះ គឺច្រើនជាងបណ្តាប្រទេសផ្សេងៗទៀតនៅអឺរ៉ុប ជាពិសេសអ៉ីតាលី ដែលតែងតែឈរនៅលំដាប់កំពូលកន្លងមក៕