(ញូយ៉ក)៖ អភិបាលរដ្ឋញូយ៉កលោក អានឌ្រូ គ្យូម៉ូ (Andrew Cuomo) នៅថ្ងៃអង្គារសប្តាហ៍នេះ (ម៉ោងនៅញូវយ៉ក) បានពិណ៌នាទិដ្ឋភាពមនុស្សគ្មានផ្ទះសម្បែង ដែលកំពុងដេកលើរថភ្លើងក្រោមដី នៅទីក្រុងញូយ៉កថា គួរឲ្យស្អប់ខ្ពើម និងមិនគោរពដល់បុគ្គលិកពិសេស (បុគ្គលិកសុខាភិបាល) ដែលត្រូវជិះរថភ្លើងទាំងនោះ ដើម្បីទៅបំពេញបេសកកម្មប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន The Sun នាថ្ងៃពុធ ទី២៩ ខែមេសា ឆ្នាំ២០២០។

លោក Andrew Cuomo បានធ្វើការកត់សម្គាល់ខាងលើ នៅក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃអង្គារសប្តាហ៍នេះ (ម៉ោងនៅញូវយ៉ក) ជាមួយនឹងដៃកំពុងកាន់កាសែតមួយដែលបង្ហាញពី រូបភាពរថភ្លើងក្រោមដីមួយកន្លែងនៅទីក្រុងញូយ៉ក ត្រូវបានបំពេញទៅដោយមនុស្សគ្មានផ្ទះសម្បែង និងសម្ភារៈរបស់ពួកគេ។

សម្រាប់លោកអភិបាលរដ្ឋញូវយ៉ករូបនេះ នេះគឺជាទង្វើមួយ «ដ៏គួរឲ្យស្អប់ខ្ពើម និងមិនគោរពដល់អ្នកដ៏ទៃ» ជាពិសេសគឺបុគ្គលិកពិសេស ដែលលោកចង់សំដៅទៅលើបុគ្គលិកពេទ្យ ដែលត្រូវជិះរថភ្លើងទាំងនោះ ទៅបំពេញកិច្ចការរបស់ពួកគេ ក្នុងប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19។

នៅត្រង់ចំនុចនេះ លោកបានលើកឡើងយ៉ាងដូច្នេះថា «សូមគោរពបុគ្គលិកពិសេស។ អ្វីដែលកំពុងតែកើតឡើងនៅរថភ្លើងក្រោមដីនេះ គឺពិតជាគួរឲ្យស្អប់ខ្ពើមខ្លាំងណាស់។ វាជាការមិនគោរពដល់បុគ្គលិកពិសេសសោះឡើយ ដែលពួកគេត្រូវការជិះរថភ្លើងទាំងនេះទៅធ្វើការ... ពួកគេបានដាក់ជីវិតពួកគេនៅឯជួរមុខ ដូច្នេះយើងត្រូវតែការពារ សុវត្ថិភាពរបស់ពួកគេវិញ»

ជាមួយគ្នានេះ លោកអភិបាលក៏បានមានប្រសាសន៍ផងដែរថា វាមិនមានសុវត្ថិភាពសោះឡើយសម្រាប់មនុស្សគ្មានផ្ទះសម្បែងទាំងនោះ ស្វែងរកទីជម្រកនៅក្នុងស្ថានីយដឹកជញ្ជូនសាធារណៈ កំឡុងពេលដែលទីក្រុងទាំងមូល កំពុងតែរាតត្បាតជំងឺឆ្លងដ៏សាហាវបែបនេះ។ ទោះជាបែបនេះក្តី គេនៅមិនទាន់ដឹងថា តើអាជ្ញាធរញូយ៉ក អាចដោះស្រាយបញ្ហានេះដោយវិធីណានោះឡើយ៕