(បរទេស)៖ នៅល្ងាចថ្ងៃពុធនេះ អាចម៍ផ្កាយមួយដែលមានមុខកាត់ប្រវែងចន្លោះពី ២ ទៅ ២.៥គីឡូម៉ែត្រនឹងហោះមកក្បែរភពផែនដី ប៉ុន្តែអ្នកវិទ្យាសាស្ត្រនៅតែបញ្ជាក់ដដែលៗ វានឹងមិនអាចមានឱកាសបង្កគ្រោះថ្នាក់អ្វីនោះទេ។ នេះបើតាមការចេញផ្សាយដោយ​សារព័ត៌មាន The Guardian នៅរសៀលថ្ងៃពុធ ទី២៩ ខែមេសា ឆ្នាំ២០២០។

នៅម៉ោង ៥៖០០នាទីល្ងាចថ្ងៃពុធ ទី២៩ ខែមេសានេះ (ម៉ោងនៅភ្នំពេញ) អាចម៍ផ្កាយ 1998 OR2 នឹងហោះមកកៀកភពផែនដីជាមួយល្បឿន ៨.៦៩គីឡូម៉ែត្រក្នុងមួយវិនាទី ហើយគម្លាតរវាងវា និងភពរបស់យើង គឺនឹងមានចម្ងាយដល់ទៅ ៦.២៨លានគីឡូម៉ែត្រឯណោះ ពោលគឺស្មើចម្ងាយរវាងផែនដីនិងព្រះច័ន្ទគុណ ១៦.៤ដង។ ដូច្នេះហើយនៅពេលវាហោះកាត់ផែនដី វាគ្មានឱកាសមកបុកចំភពរបស់យើងឡើយ ខណៈកាលពី ២សប្តាហ៍មុននេះ ក្រុមអ្នកវិទ្យាសាស្រ្តក៏ធ្លាប់បានបញ្ជាក់យ៉ាងដូច្នេះ​ម្តងរួចទៅហើយដែរថា សូមគ្រប់គ្នាកុំមានការព្រួយបារម្ភ ព្រោះធ្លាប់មានអាចម៍ផ្កាយដែលបានហោះកាត់ភពយើងកៀងជាង នេះច្រើនទៀតរាប់មិនអស់នោះឡើយ។

អាចម៍ផ្កាយខាងលើមានឈ្មោះសម្គាល់ថា 1998 OR2 ឬ 52768។ វាត្រូវបានទីភ្នាក់ងារអវកាសអាមេរិក NASA ប្រទះឃើញជាលើកដំបូង កាលពីឆ្នាំ១៩៩៨។ ជាមួយអង្គត់ផ្ចិត ២.៥គីឡូម៉ែត្រ អាចម៍ផ្កាយនេះអាចបង្កគ្រោះមហន្តរាយ នៅផ្នែកណាមួយនៃពិភពលោកបាន ប្រសិនបើវាមកបុកចំភពផែនដីពេញមួយទំហឹង។

គួរជម្រាបថា បើតាម NASA អាចម៍ផ្កាយខ្នាតធំដែលហោះមកកៀកភពផែនដី នៅក្នុងរយៈចម្ងាយក្រោម ៧លានគីឡូម៉ែត្រនោះ គឺជាវត្ថុអវកាសដ៏គ្រោះដែលអ្នកជំនាញត្រូវតាមដាន ប៉ុន្តែភាគរយដែលពួកវាមកប៉ះចំផែនដី គឺស្តួចស្តើងជាទីបំផុត។ 1998 OR2 គឺជាអាចម៍ផ្កាយធំបំផុតប្រចាំឆ្នាំ២០២០ ដែលមកធ្វើទស្សនកិច្ចផែនដីពីចម្ងាយ ហើយវានឹងមកម្តងទៀតនៅរយៈពេល ២០០ឆ្នាំខាងមុខ ជាមួយគម្លាតជិតជាងលើកនេះ៕