(វ៉ាស៊ីនតោន)៖ មជ្ឈមណ្ឌលឯកសារជាតិអាមេរិកបានឱ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារ COVID-19 នៅក្នុងសហរដ្ឋអាមេរិក បានកើនលើសចំនួនកងទ័ពអាមេរិកដែលបានពលីជីវិត កាលពីសម័យសង្រ្គាមវៀតណាមហើយ។ នេះបើតាមការចេញផ្សាយដោយ​សារព័ត៌មាន CNBC នៅរសៀលថ្ងៃពុធ ទី២៩ ខែមេសា ឆ្នាំ២០២០។

បើតាមមជ្ឈមណ្ឌលឯកសារជាតិអាមេរិក កងទ័ពអាមេរិកសរុប ៥៨,២២០នាក់​បានបាត់បង់ជីវិតនៅក្នុងសង្រ្គាមវៀតណាម ដែលបានចាប់ផ្ដើមពីឆ្នាំ១៩៥៥ និងបញ្ចប់ទៅវិញនៅឆ្នាំ១៩៧៥។ ប៉ុន្តែគិតត្រឹមថ្ងៃអង្គារសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) ជំងឺរាតត្បាតសកល COVID-19 បានផ្ដាច់ជីវិតប្រជាជនអាមេរិក​ច្រើនជាងចំនួនកងទ័ពអាមេរិក ដែលបានស្លាប់នៅក្នុងសង្រ្គាមវៀតណាមទៅទៀត ចាប់តាំងពីជំងឺឆ្លងរាតត្បាតដ៏កាចសាហាវនេះផ្ទុះឡើង នៅក្នុងសហរដ្ឋអាមេរិក ដំបូងកាលពីខែមករាមក។

ជាក់ស្ដែងបើតាមគេហទំព័រ worldometers បច្ចុប្បន្នសហរដ្ឋអាមេរិកមានអ្នកស្លាប់ដោយសារ COVID-19 រហូតដល់ទៅ ៥៩,២៦៦នាក់ ក្នុងចំណោមករណីឆ្លងលើស ១លានករណី ខណៈចំនួនអ្នកជាសះស្បើយឡើងវិញមានសរុប ១៤១,២៣៨នាក់។

គួរបញ្ជាក់តាមសាកលវិទ្យាល័យរដ្ឋវ៉ាស៊ីនតោនបានព្យាករណ៍ថា ចំនួនអ្នកស្លាប់នៅសហរដ្ឋអាមេរិកដោយសារជំងឺ COVID-19 អាចនឹងកើនឡើងដល់លើស ៧៤,០០០នាក់នៅខែសីហា ឆ្នាំ២០២០ ហើយចំនួនអ្នកស្លាប់នឹងកើនឡើងច្រើនជាងនេះ ប្រសិនបើរដ្ឋនានារបស់សហរដ្ឋអាមេរិក បើកដំណើរការសេដ្ឋកិច្ចរបស់ខ្លួន​ឆាប់រហ័សពេក៕