(វ៉ាស៊ីនតោន)៖ អនុប្រធានាធិបតីអាមេរិក លោក ម៉ៃក៍ ភែន (Mike Pence) បានបំពានគោលការណ៍ដែលតម្រូវឲ្យពាក់ម៉ាស នៅឯមន្ទីរពេទ្យមួយក្នុងរដ្ឋមីនណេសូតា (Minnesota) បើទោះបីជាត្រូវបានជូនដំណឹងជាមុនក៏ដោយ។ នេះបើតាមការចេញផ្សាយ​ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃពុធ ទី២៩ ខែមេសា ឆ្នាំ២០២០។

លោក Mike Pence បានរងការរិះគន់នាថ្ងៃអង្គារសប្តាហ៍នេះ ដោយសារតែមិនពាក់ម៉ាស កំឡុងពេលទស្សនកិច្ចនៅឯមន្ទីរពេទ្យ មេយ៉ូ (Mayo) ក្នុងរដ្ឋ Minnesota។ យោងតាមវីដេអូ និងរូបភាពបង្ហាញពីសកម្មភាព​នៃការចុះទស្សនកិច្ចនោះ គេសង្កេតឃើញថា មនុស្សគ្រប់គ្នាលើកលែងតែលោក Pence ម្នាក់គត់ សុទ្ធតែពាក់ម៉ាស។ មន្ទីរពេទ្យ Mayo បានបញ្ជាក់ថា ខ្លួនបានជូនដំណឹងជាមុន​ពីគោលការណ៍តម្រូវឲ្យពាក់ម៉ាសដល់លោក Pence មុនពេលលោកធ្វើការចុះទស្សនកិច្ច។

គួរជម្រាបថា យ៉ាងណាមិញ បើតាមការបកស្រាយរបស់លោកអនុប្រធានាធិបតីអាមេរិកផ្ទាល់ គឺរូបលោកត្រូវបានធ្វើតេស្តជាញឹកញាប់រក COVID-19 ហើយការដែលពុំពាក់ម៉ាសបែបនេះ គឺលោកអនុវត្តតាមគោលការណ៍ណែនាំរបស់ មជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លងអាមេរិកដែលថា ម៉ាសអាចជួយទប់ស្កាត់ការចម្លង ដោយអ្នកដែលផ្ទុកវីរុស COVID-19 ខណៈរូបលោកមិនមានផ្ទុកវីរុសនេះឡើយ។ លោក Mike Pence គឺជា ប្រធានក្រុមការងារពិសេសប្រយុទ្ធប្រឆាំងការរាតត្បាតនៃជំងឺ COVID-19 របស់សេតវិមានអាមេរិក៕