(តូក្យូ)៖ ជប៉ុនកំពុងអភិវឌ្ឍមីស៊ីលលឿនជាងសំឡេង (hypersonic) ប្រឆាំងនាវាចម្បាំង ដែលជាអាវុធមានសមត្ថភាពហោះក្នុងរយៈកម្ពស់ខ្ពស់ និងអាចបង្កការ គំរាមកំហែងដល់នាវាផ្ទុកយន្ដហោះចម្បាំងចិន នៅក្នុងតំបន់សមុទ្រខាងកើត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន South China Morning Post នៅព្រឹកថ្ងៃពុធ ទី២៩ ខែមេសា ឆ្នាំ២០២០។

ក្រសួងការពារជាតិជប៉ុនបានឲ្យដឹងថា មីស៊ីលដែលអាចហោះសំកាំង និងមានល្បឿនលឿនជាងសំឡេងហៅកាត់ថា HVGP អាចនឹងត្រូវដាក់ពង្រាយដំបូងនៅឆ្នាំ២០២៦ និងធ្វើកំណែប្រែបន្ថែមនៅឆ្នាំ២០២៨។ មីស៊ីល HVGP ដែលជាគំរោងរបស់ជប៉ុននេះ នឹងត្រូវផ្ដោតជាសំខាន់លើបច្ចេកវិទ្យា កំណត់គោលនៅលើដីគោក ខណៈ HVGP ជាកំណែប្រែថ្មីបន្ទាប់ នឹងត្រូវអភិវឌ្ឍបន្ថែមជាមួយ សមត្ថភាពបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ និងរយៈចំងាយបាញ់ចេញ ដែលអាចវាយប្រហារលើនាវាផ្ទុកយន្ដហោះចម្បាំង។

គួរជម្រាបថា មីស៊ីលមានល្បឿនលឿនជាងសំឡេង នៅក្នុងគម្រោងអភិវឌ្ឍរបស់ជប៉ុនលើកនេះ អាចហោះលឿនជាងសំឡេង ០៥ដង (ក្នុងបរិយាកាសផែនដី សំឡេងមានល្បឿន ៣៤៣ម៉ែត្រក្នុងមួយវិនាទី) ហើយបើសិនជាគម្រោងនេះជោគជ័យ ជប៉ុននឹងក្លាយជាប្រទេសទី៤ នៅលើពិភពលោក ដែលមានមីស៊ីលបច្ចេកវិទ្យាហោះសំកាំង និងលឿនជាងសំឡេង (gliding technology) បន្ទាប់ពីចិន រុស្ស៊ី និងសហរដ្ឋអាមេរិក។

ជប៉ុនបានចំណាយប្រាក់លើការអភិវឌ្ឍស្រាវជ្រាវ មីស៊ីលលឿនជាងសំឡេង ១៧២លានដុល្លារនៃកញ្ចប់ថវិកាឆ្នាំ២០១៨ និង២០១៩ ហើយមានគម្រោងបង្កើនការចំណាយបន្ថែម ២៣៣លានដុល្លារទៀត នៅក្នុងឆ្នាំ២០២០នេះ៕