(សេអ៊ូល)៖ ជុំវិញពាក្យចចាមអារ៉ាមក្នុងរយៈពេល​ប៉ុន្មានសប្ដាហ៍ចុងក្រោយ អំពីស្ថានភាពសុខភាពរបស់មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ដែលអ្នកខ្លះថាលោកបានស្លាប់បាត់ទៅហើយ និងខ្លះទៀតថា លោកក្លាយជាមនុស្សរុក្ខជាតិ ក្រោយទទួលការវះកាត់បេះដូងកាលពីថ្ងៃទី១២ ខែមេសាកន្លងទៅ ពិតជាបាន និងកំពុងបង្កការភ្ញាក់ផ្អើលខ្លាំងណាស់ ខណៈសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងប្រទេសចិន កំពុងតាមដានស្ថានការណ៍វិវត្តន៍នេះ យ៉ាងយកចិត្តទុកដាក់បំផុត។ ប្រទេសទាំងបី ដែលសុទ្ធសឹងតែមានផលប្រយោជន៍រៀងៗខ្លួន ពាក់ព័ន្ធនឹងកូរ៉េខាងជើង អាចនឹងត្រូវប្រឈមមុខដាក់គ្នា បើសិនជាមានរឿងកើតឡើងលើលោក គីម ជុងអ៊ុន ដូចពាក្យចចាមអារ៉ាមមែន ជាពិសេសគឺជុំវិញអ្នកបន្តវេននោះតែម្ដង។

ឆ្លើយតបទៅនឹងពាក្យចចាមអារ៉ាមកន្លងមកនេះ កូរ៉េខាងត្បូងធ្លាប់បានអះអាងថា លោក គីម ជុងអ៊ុន នៅមានជីវិតនៅឡើយ និងមានសុខភាពល្អធម្មតា។ លោក គីម ជុងអ៊ុន ក៏ធ្លាប់បានបាត់ខ្លួនរយៈពេលមួយខែផងដែរ កាលពីឆ្នាំ២០១៤។ ទោះបីជាបែបនេះក្តី មកទល់នឹងពេលនេះព័ត៌មានអំពីសុខភាពរបស់លោក គីម ជុងអ៊ុន នៅតែស្ថិតនៅក្នុងភាពអាថ៌កំបាំង ក៏ប៉ុន្តែអ្វីដែលលែងជាអាថ៌កំបាំងនោះគឺអ្នកតាមបានដឹងថា សហរដ្ឋអាមេរិក រួមទាំងកូរ៉េខាងត្បូងមានផែនការរួចជាស្រេច ដើម្បីគ្រប់គ្រងស្ថានការណ៍ នៅក្នុងករណីដែលរបបដឹកនាំលោក គីម ដួលរំលំទៅតាមរូបលោកដោយប្រការណាមួយ។

* សកម្មភាពយោធារួមគ្នារវាងអាមេរិក និងកូរ៉េខាងត្បូង

សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងត្រូវបានគេរាយការណ៍ថា មានផែនការសំងាត់មួយឈ្មោះថា ផែនការប្រតិបត្តិការ ឬ Operational Plan (OPLAN) 5029 សម្រាប់ការធ្វើសកម្មភាពយោធារួមគ្នា ក្នុងករណីរបបដឹកនាំកូរ៉េខាងជើងដួលរលំ។ ខណៈ OPLAN 5029 នៅតែស្ថិតនៅក្នុងការរក្សាការសំងាត់ខ្ពស់នៅឡើយនោះ អ្នកជំនាញខាងសន្តិសុខ​ដែលដឹងពីផែនការនេះបានបង្ហើបថា OPLAN 5029 គ្របដណ្ដប់លើហេតុការណ៍ចៃដន្យជាច្រើន ក្នុងនោះរួមមានការធ្វើរដ្ឋប្រហារ នៅក្នុងជួរផ្ទៃក្នុងនៃរបបដឹកនាំទីក្រុងព្យុងយ៉ាង, សង្រ្គាមស៊ីវិលដណ្ដើមអំណាច, គ្រោះមហន្តរាយធម្មជាតិ និងវិបត្តិជនភៀសខ្លួនជាដើម។

OPLAN 5029 ក៏មានចែងផងដែរពីការបញ្ជូនកងកម្លាំងយោធា និងអ្នកវិទ្យាសាស្ត្រ ឱ្យទៅប្រមូលព័ត៌មាន និងធានាសុវត្ថិភាព ក៏ដូចជាគ្រប់គ្រងឃ្លាំងអាវុធនុយក្លេអ៊ែរ របស់កូរ៉េខាងជើង។ OPLAN 5029 ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៧ ពោលគឺតែប៉ុន្មានថ្ងៃចុងក្រោយប៉ុណ្ណោះ នៃការកាន់អំណាចនៃរដ្ឋាភិបាលអភិរក្សនិយម កូរ៉េខាងត្បូងក្រោមការដឹកនាំរបស់ លោក គីម យាំងសាំ (Kim Young-sam)។ កិច្ចព្រមព្រៀងសម្ងាត់ OPLAN 5029 ត្រូវបានបង្កើតឡើង ក្រោយមរណភាពអតីតបិតាស្ថាបនិកកូរ៉េខាងជើង លោក គីម អ៊ីលស៊ុង, គ្រោះទុរភិក្ស និងដោយសារតែកម្មវិធីផលិតអាវុធនុយក្លេអ៊ែរ របស់ទីក្រុងព្យុងយ៉ាងកាលណោះ។

ក្រោយការឡើងកាន់អំណាចនៃប្រធានាធិបតីកូរ៉េខាងត្បូងបច្ចុប្បន្ន លោក មូន ចែអ៉ីន ផែនការ OPLAN 5029 ត្រូវបានគេជឿជាក់ថា នៅតែមានសុពលភាព។ ជាពិសេសគឺបន្ទាប់ពីលោក ដូណាល់ ត្រាំ កាលពីឆ្នាំ២០១៧ បានជំរុញឲ្យមន្ទីរបញ្ចកោណ រៀបចំជម្រើសរើសសម្រាប់ដឹកនាំ​ការវាយប្រហារលើកូរ៉េខាងជើង កំឡុងការផ្ទុះសង្រ្គាមពាក្យសម្ដី និងការព្រមានប្រើប្រាស់កម្លាំងយោធាដាក់គ្នាទៅវិញទៅមករវាងលោក ត្រាំ និងលោក គីម ជុងអ៊ុន ឡើងដល់ចំណុចកំពូលនៅក្នុងឆ្នាំដដែលនោះ។

* ឥទ្ធិពលចិនចំពោះបញ្ហាកូរ៉េខាងជើង

គណបក្សកម្មុយនិស្ដចិនមានទំនាក់ទំនង​យ៉ាងជិតស្និទ្ធជាមួយកូរ៉េខាងជើង និងជាប្រភពធនធានសេដ្ឋកិច្ច ព្រមទាំងជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់បំផុត នៃរបបដឹកនាំទីក្រុងព្យុងយ៉ាង ដែលមិនអាចខ្វះបាន។ ម្យ៉ាងវិញទៀត ដើម្បីទប់ស្កាត់ និងប្រជែងឥទ្ធិពលយោធាអាមេរិក ទីក្រុងប៉េកាំងតែងដឹងយ៉ាងច្បាស់ថា ខ្លួនត្រូវការកូរ៉េខាងជើងជាចាំបាច់។ ក្នុងន័យនេះ បើសិនជាមានរឿងអ្វីកើតឡើងលើលោក គីម ជុងអ៊ុន ដូចពាក្យចចាមអារ៉ាមមែន នោះចិនអាចនឹងប្រើប្រាស់គ្រប់មធ្យោបាយដើម្បីរក្សាកូរ៉េខាងជើង​ឱ្យនៅតែបន្តឈរនៅខាងខ្លួន ពោលបើនិយាយឱ្យចំទៅទោះបីជាគ្មានលោក គីម ជុងអ៊ុន ក៏ដោយក៏មេដឹកនាំថ្មីរបស់កូរ៉េខាងជើង ត្រូវតែដើរលើផ្លូវជាមួយចិនដដែល។

តែទោះជាបែបនេះក្ដី ចិនត្រូវបានក្រុមអ្នកជំនាញមើលឃើញថា នឹងមិនប្រើប្រាស់កម្លាំងយោធាជាជម្រើសមុនគេនោះឡើយ បើទោះជានៅក្នុងករណីដែលមានអន្តរគមន៍ ពីសហរដ្ឋអាមេរិកក៏ដោយ ព្រោះទីក្រុងប៉េកាំងខ្លាចក្រែងជម្លោះ អាចនឹងបង្កទៅជាវិបត្តិជនភៀសខ្លួន ហូរចូលពីកូរ៉េខាងជើងមកកាន់ទឹកដីរបស់ខ្លួន។ ដូច្នេះជម្រើសជាបឋម បើសិនកូរ៉េខាងជើងគ្មានលោក គីម ជុងអ៊ុន នោះចិនអាចនឹងទុកឱ្យកូរ៉េខាងជើង ជាអ្នកសម្រេចចិត្តរើសមេដឹកនាំដោយខ្លួនឯង មុននឹងអនុវត្តផែនការបន្តបន្ទាប់។

ក្រោយមានពាក្យចចាមអារ៉ាមពីស្ថានភាពសុខភាពលោក គីម ជុងអ៊ុន ក្រុមអ្នកជំនាញខ្លះយល់ថា ប្អូនស្រីរបស់លោកគឺអ្នកនាង គីម យូជុង អាចនឹងឡើងកាន់តំណែងបន្តជាមេដឹកនាំកូរ៉េខាងជើងថ្មី។ អ្នកដែលអាចដឹកនាំកូរ៉េខាងជើង ទាល់តែជាសមាជិកនៃគ្រួសារត្រកូលគីម ប៉ុន្តែដោយសារតែសង្គមកូរ៉េខាងជើង កាន់របបបិតាធិបតេយ្យ គេពិបាកនិយាយបន្តិចថា តើសង្គមនៃប្រទេសឯកោមួយនេះ នឹងទទួលស្គាល់ស្រ្តីជាមេដឹកនាំដែរ ឬក៏យ៉ាងណានោះទេ។ ក្រៅពីប្អូនស្រី លោក គីម ជុងអ៊ុន មានបងប្រុសម្នាក់ទៀតឈ្មោះ គីម ចុងជុល (Kim Jong Chul), ពូឈ្មោះ គីម ព្យុងអ៉ីល (Kim Pyong Il)។ លោក គីម ជុងអ៊ុន ក៏ត្រូវបានគេរាយការណ៍ថា មានកូនប្រុសស្រីសរុប ០៣នាក់ផងដែរ តែពួកគេនៅវ័យក្មេងពេក ដោយកូនប្រុសច្បងកើតនៅឆ្នាំ២០១០។

គួរបញ្ជាក់ថា បច្ចុប្បន្នគ្រប់គ្នានៅតែមិនទាន់ដឹងច្បាស់ថា តើលោក គីម ជុងអ៊ុន កំពុងស្ថិតនៅទីណាឲ្យប្រាកដនោះឡើយ ប៉ុន្តែខាងរដ្ឋាភិបាលអាមេរិក និងកូរ៉េខាងត្បូង​សុទ្ធតែមានក្តីជឿជាក់ថា លោក គីម ជុងអ៊ុន នៅតែមានជីវិត និងមានសុខភាពល្អ​ហើយលោកទំនងជាកំពុងស្ថិតនៅតំបន់ វ៉ុនសាន (Wonsan) ដែលជាទីក្រុងកំពង់ផែធំមួយរបស់កូរ៉េខាងជើង ខណៈកាលពីថ្ងៃចន្ទម្សិលមិញនេះ សារព័ត៌មានរដ្ឋកូរ៉េខាងជើង​ក៏បានផ្សព្វផ្សាយពីសារជូនពរ និងកោតសរសើររបស់លោក គីម ជុងអ៊ុន ជូនដល់ក្រុមកម្មករដែលកំពុងកសាងតំបន់ទេសចរណ៍ដ៏ប្រណិត ១ នៅតំបន់ឆ្នេរទីក្រុង Wonsan ស្ថិតនៅភាគខាងកើតប្រទេសមួយនេះផងដែរ៕

ប្រភព៖ សារព័ត៌មាន Asia Times (ថ្ងៃអង្គារ ទី២៨ ខែមេសា ឆ្នាំ២០២០)