(បាងកក)៖ អាជ្ញាធរសុខាភិបាលថៃនៅថ្ងៃចន្ទនេះ បានប្រកាសពីការរកឃើញករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន ០៩ករណីបន្ថែមទៀត រួមទាំងករណីស្លាប់ ០១ករណីផងដែរ។ នេះបើយោងតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នារសៀលថ្ងៃចន្ទ ទី២៧ ខែមេសា ឆ្នាំ២០២០។

ទាក់ទិននឹងរបាយការណ៍នេះលោក ថាវីស៊ីន វីសានុយោធីន (Taweesin Wisanuyothin) អ្នកនាំពាក្យអង្គភាពប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 នៅក្នុងប្រទេសថៃបាននិយាយថា «នេះជាលើកទី ១ ហើយ ចាប់តាំងពីមានការផ្ទុះជំងឺនេះនៅក្នុងប្រទេសថៃ កាលពីខែមករាកន្លងទៅនេះ ដែលពុំមានរបាយការណ៍អ្នកឆ្លងថ្មី ចេញពីទីក្រុងបាងកកបែបនេះ»

ក្នុងចំណោមករណីឆ្លងថ្មីៗទាំង ០៩ខាងលើ មាន ០៣ករណីជាប់ពាក់ព័ន្ធជាមួយករណីឆ្លងមុនៗ និង ០២ករណីជាករណីនាំចូលពីក្រៅប្រទេស។ ចំណែកឯ ០៤ករណីចុងក្រោយ គឺត្រូវបានរាយការណ៍ចេញពីខេត្តយ៉ាឡា នៅភាគខាងត្បូងប្រទេស ជាទីដែលអាជ្ញាធរថៃកំពុងបង្កើនការធ្វើតេស្តរកជំងឺ COVID-19 យ៉ាងសកម្មក្រោយអត្រាអ្នកឆ្លងនៅទីនោះ មានសន្ទុះខ្លាំងមួយរយៈចុងក្រោយនេះ។

គួរជម្រាបថា បើបូកបញ្ជូលករណីឆ្លងថ្មីៗខាងលើទាំង ០៩ករណីខាងលើ ប្រទេសថៃបានកត់ត្រាការឆ្លងសរុបចំនួន ២,៩៣១ករណីហើយ ដោយក្នុងនោះអ្នកជំងឺចំនួន ៥២នាក់ស្លាប់បាត់បង់ជីវិត និង ២,៦០៩នាក់ផ្សេងទៀត បានជាសះស្បើយឡើងវិញ៕