BREAKING: លោក គីម ជុងអ៊ុន ផ្ញើសារថ្លែងអំណរគុណចំពោះក្រុមការងារ សាងសង់តំបន់ទេសចរណ៍នៅ Wonsan ចំពោះមុខពាក្យចចាមអារ៉ាម អំពីបញ្ហាសុខភាពលោក (Video inside)

27-04-2020 12:37

(សេអ៊ូល)៖ ប្រមុខដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានថ្លែងនូវអំណរគុណ ព្រមទាំងការកោតសរសើរ ទៅកាន់ក្រុមការងារសាងសង់តំបន់ទេសចរមួយ នៅក្នុងទីក្រុងកំពង់ផែវ៉ុនសាន (Wonsan) ស្ថិតនៅភាគខាងកើតប្រទេស។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានរដ្ឋកូរ៉េខាងជើង ដែលត្រូវបានដកស្រង់ដោយ ទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យ៉ុនហាប់ នៅរសៀលថ្ងៃចន្ទ ទី២៧ ខែមេសា ឆ្នាំ២០២០។

សេចក្តីរាយការណ៍ពីកាសែត រ៉ូដុងស៊ីនម៉ាន់ (Rodong Sinmun) ដែលជាសារព័ត៌មានសំខាន់មួយរបស់កូរ៉េខាងជើង បានឲ្យដឹងថា «ប្រមុខដឹកនាំកំពូល គីម ជុងអ៊ុន បានផ្ញើនូវលិខិតកោតសរសើរ និងថ្លែងអំណរគុណ ទៅកាន់បណ្តាកម្មករកូរ៉េខាងជើង ដែលបានលះបង់កម្លាំងកាយ ក្នុងការកសាងតំបន់ទេសចរណ៍ វុនសាន-កាល់ម៉ា (Wonsan-Kalma)»

សេចក្តីរាយការណ៍របស់ Rodong Sinmun បានកើតមានឡើងបន្ទាប់ពី ការវិភាគ និងព័ត៌មានមិនផ្លូវការជាច្រើន បានធ្វើការផ្សព្វផ្សាយអំពីបញ្ហាសុខភាពធ្ងន់ធ្ងរបស់លោក គីម ជុងអ៊ុន ចាប់តាំងពីលោកអវត្តមាននៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ ដែលឱកាសខួបបិតាស្ថាបនិកកូរ៉េខាងជើងលោក គីម អ៉ីលស៊ុង ដ៏សំខាន់បំផុតនោះ។

ឆ្លើយតបទៅនឹងការវិភាគ និងព័ត៌មានមិនផ្លូវការជាច្រើនកន្លងមកនេះ មន្ត្រីរដ្ឋាភិបាលកូរ៉េខាងត្បូង ក៏ធ្វើការច្រានចោលរួចមកហើយដែរ ដោយក្នុងនោះទីប្រឹក្សាជាន់ខ្ពស់ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ចេអ៉ីន គឺលោក មូន ជុងអ៉ីន (Moon Chung-in) បានអះអាងប្រាប់សារព័ត៌មានអាមេរិកថា លោក គីម ជុងអ៊ុន នៅមានជីវិតនៅឡើយ និងមានសុខភាពល្អថែមទៀត ហើយពេលនេះលោកទំនងជាកំពុងស្នាក់នៅតំបន់ Wonsan។

មន្ត្រីរដ្ឋាភិបាលកូរ៉េខាងត្បូងថែមទាំងបានបញ្ជាក់ទៀតថា គ្មានសកម្មភាពមិនប្រក្រតីណាមួយ នៃយោធាកូរ៉េខាងជើង ត្រូវបានគេពិនិត្យឃើញនោះឡើយ ខណៈសហរដ្ឋអាមេរិក និងបណ្តាប្រទេសសម្ព័ន្ធមិត្តនៅអាស៊ី កំពុងតែតាមដានស្ថានការណ៍នេះជាប់ជានិច្ច៕