(ដាម៉ាស់)៖ ប្រព័ន្ធការពារដែនអាកាសស៊ីរី នៅព្រឹកថ្ងៃចន្ទនេះបានស្ទាក់ចាប់ និងបំផ្លាញគ្រាប់រ៉ុក្កែតជាច្រើនគ្រាប់ ពីលើដែនអាកាសនៃទីក្រុងដាម៉ាស់។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋស៊ីរី SANA ដកស្រង់ចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃចន្ទ ទី២៧ ខែមេសា ឆ្នាំ២០២០។

សារព័ត៌មាន SANA បានបន្ថែមទៀតថា ប្រព័ន្ធការពារដែនអាកាសស៊ីរីបានស្ទាក់ចាប់ និងបំផ្លាញគ្រាប់រ៉ុក្កែតមួយចំនួនរបស់អ៉ីស្រាអែល ដែលត្រូវបានបាញ់ចេញពី ដែនអាកាសនៃប្រទេសលីបង់។ ប៉ុន្តែភ្លាមៗ រដ្ឋាភិបាលទីក្រុងដាម៉ាស់ មិនទាន់រាយការណ៍ពីការបំផ្លិចបំផ្លាញ ឬក៏មានមនុស្សស្លាប់ ឬរបួសនៅក្នុងការវាយប្រហារនេះនៅឡើយទេ ខណៈខាងអ៉ីស្រាអែលក៏មិនទាន់អត្ថាធិប្បាយអ្វី ទៅនឹងការចោទប្រកាន់នេះដែរ។

គួរជម្រាបថា កាលពីសប្ដាហ៍មុន ក្រុមសកម្មប្រយុទ្ធអ៉ីរ៉ង់ រួមទាំងសមាជិកក្រុមហេសប៊ូលឡា ០៩នាក់ត្រូវបានសម្លាប់ ក្នុងការវាយប្រហារតាមផ្លូវអាកាសមួយ ដែលស៊ីរីចោទថា ជាស្នាដៃរបស់អ៉ីស្រាអែល នៅឯតំបន់ ផាលម៉ាយរ៉ា (Palmyra)។ ការវាយប្រហារនេះ ត្រូវបានធ្វើឡើងចេញពីដែនអាកាសលីបង់ គ្រប់គ្រងដោយអ៉ីស្រាអែល ដោយមានគោលដៅលើទីតាំងឈរជើងរបស់ កងកម្លាំងអ៉ីរ៉ង់នៅតំបន់ Palmyra តែម្ដង៕