(សេអ៊ូល)៖ ស្ថានីយវិទ្យុរដ្ឋកូរ៉េខាងជើង នៅថ្ងៃអាទិត្យនេះ បានរាយការណ៍ថា លោក គីម ជុងអ៊ុន បានសម្ដែងការកោតសរសើរ ដល់ក្រុមកម្មករដែលបានចូលរួម ក្នុងការ កសាងទីក្រុង Samjiyon ស្របពេលមានពាក្យចចាមអារ៉ាមជាច្រើនថា មេដឹកនាំកូរ៉េខាងជើងរូបនេះ ក្លាយជាមនុស្សរុក្ខជាតិ និងខ្លះទៀតថាបានស្លាប់បាត់ទៅហើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានយ៉ុនហាប់ នៅថ្ងៃអាទិត្យ ទី២៦ ខែមេសា ឆ្នាំ២០២០។

ទីភ្នាក់ងារព័ត៌មានយ៉ុនហាប់ ដោយផ្អែកលើការស្រង់ខ្លឹមសារ ចេញផ្សាយដោយវិទ្យុរដ្ឋកូរ៉េខាងជើង បានបញ្ជាក់ដូច្នេះថា៖ «សមមិត្ត គីម ជុងអ៊ុន បានផ្ញើការកោតសរសើរ ដល់ក្រុមកម្មករដ៏ស្មោះស្ម័គ្រ និងមានការប្ដេជ្ញាចិត្តខ្ពស់ចេញពីក្រអៅបេះដូង ដែលបានចូលរួមចំណែក កសាងទីក្រុង Samjiyon ដោយមិនបានបំភ្លេចពីជំនឿទុកចិត្ត ពីសំណាក់បក្សពលករ...»។ ក៏ប៉ុន្តែ ទន្ទឹមគ្នា វិទ្យុរដ្ឋកូរ៉េខាងជើង នៅតែបន្តរក្សាភាពស្ងប់ស្ងាត់ ដោយមិនបាននិយាយអ្វីឡើយពាក់ព័ន្ធនឹងស្ថានភាពរបស់លោក គីម ហើយ ក៏បានបញ្ជាក់ថាពេលនេះមេដឹកនាំកូរ៉េខាងជើងរូបនេះ ស្ថិតនៅទីណានោះដែរ។

គួរជម្រាបថា លោក គីម ជុងអ៊ុន មិនបានបង្ហាញខ្លួនជាសាធារណៈ ចាប់តាំងពីថ្ងៃទី១១ ខែមេសា ជាពេលដែលលោក ដឹកនាំកិច្ចប្រជុំបក្សពលករកូរ៉េខាងជើងមកម្លេះ។ មិនតែប៉ុណ្ណោះ លោក ក៏បានខកខានចូលរួមក្នុងពិធីខួបកំណើតនៃជីតារបស់លោក គឺលោក គីម អ៉ីលស៊ុងផងដែរ កាលពីថ្ងៃទី១៥ ខែមេសាកន្លងទៅ ជាហេតុបង្កឱ្យមាន ពាក្យចចាមអារ៉ាមជាច្រើនផ្ទុះឡើង ខ្លះថាលោកក្លាយជាមនុស្សរក្ខជាតិ និងខ្លះទៀតថាលោកបានស្លាប់បាត់ទៅហើយ ក្រោយទទួលការវះកាត់បេះដូង។

ដោយឡែក បើតាម 38 North ដែលជាគេហទំព័រមួយ មានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក និងជំនាញខាងឃ្លាំមើលសកម្មភាពរបស់កូរ៉េខាងជើង រថភ្លើង ពិសេសរបស់លោក គីម ជុងអ៊ុន បានឈប់សំចតនៅឯស្ថានីយរថភ្លើងក្នុងទីក្រុង Wonsan កាលពីថ្ងៃទី២១ និង២៣ ខែមេសា កន្លងទៅនេះ។ ស្ថានីយរថភ្លើង នេះអាច ប្រើប្រាស់បានសម្រាប់តែគ្រួសារគីម តែប៉ុណ្ណោះ។ ប៉ុន្តែ មកទល់នឹងពេលនេះ មិនទាន់មានការបញ្ជាក់លម្អិតថាតើ លោក គីម កំពុងស្ថិតនៅទីក្រុង Wonsan ឬក៏នៅទីកន្លែងណាមួយឱ្យប្រាកដ ក្នុងប្រទេសកូរ៉េខាងជើងនោះទេ៕