(តេហេរ៉ង់)៖ ប្រធានាធិបតីអ៉ីរ៉ង់ លោក ហាស្សាន់ រូហានី បាននិយាយថាទីក្រុងតេហេរ៉ង់ កំពុងតាមឃ្លាំមើលសកម្មភាពរបស់សហរដ្ឋអាមេរិក នៅក្នុងតំបន់ឈូងសមុទ្រ ប៉ុន្តែ អ៉ីរ៉ង់នឹងមិនមែនជាអ្នកចាប់ផ្ដើមជម្លោះ នៅក្នុងតំបន់មុននោះទេ។ នេះបើតាមការចេញផ្សាយពីសារព័ត៌មាន Al Jazeera នៅថ្ងៃអាទិត្យ ទី២៦ ខែមេសា ឆ្នាំ២០២០។

លោក រូហានី ធ្វើការកត់សម្គាល់បែបនេះ កំឡុងធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយព្រះមហាក្សត្រកាតា ព្រះអង្គ Tamim bin Hamad Al Thani កាលពីថ្ងៃសៅរ៍ កន្លងទៅ និងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ណែនាំឱ្យកងនាវាអាមេរិក កម្ចេចនាវា ឬទូកប្រយុទ្ធអ៉ីរ៉ង់ ទាំងឡាយណាដែលរំខាន ក៏ដូចជាបង្កគ្រោះថ្នាក់ដល់ នាវាអាមេរិក។ ថ្លែងនាឱកាសនោះ លោកប្រធានាធិបតីអ៉ីរ៉ង់ បានលើកឡើងដូច្នេះថា៖ «អ៉ីរ៉ង់ កំពុងតាមឃ្លាំមើលសកម្មភាពរបស់សហរដ្ឋអាមេរិក យ៉ាងយកចិត្តទុកដាក់ ប៉ុន្តែ អ៉ីរ៉ង់នឹង មិនចាប់ផ្ដើមជម្លោះមុន ឬបង្កភាពតានតឹងនៅក្នុងតំបន់នោះទេ»

គួរជម្រាបថា ភាពតានតឹងរវាងសហរដ្ឋអាមេរិក និងអ៉ីរ៉ង់ បានផ្ទុះឡើងជាថ្មី បន្ទាប់ពីទូកប្រយុទ្ធកងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ ១១គ្រឿង ឡោមព័ទ្ធនាវាចម្បាំងអាមេរិក មួយគ្រឿង នៅឯ «តំបន់ឈូងសមុទ្រ» កាលពីដើមខែមេសា កន្លងទៅ។ បន្ទាប់ពីហេតុការណ៍នេះ កើតឡើង លោក ដូណាល់ ត្រាំ បានអះអាងថាលោកបានណែនាំឱ្យ កងនាវាអាមេរិកបាញ់កម្ចេចនាវា ឬទូកប្រយុទ្ធអ៉ីរ៉ង់ ទាំងឡាយណាដែលរំខាន ក៏ដូចជាបង្កគ្រោះថ្នាក់ដល់នាវាអាមេរិក៕