(វ៉ាស៊ីនតោន)៖ រថភ្លើងពិសេសមួយគ្រឿង របស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ត្រូវបានគេប្រទះឃើញតាមរយៈប្រព័ន្ធផ្កាយរណប ក្នុងសប្ដាហ៍នេះ នៅឯទីក្រុង Wonsan ស្ថិតនៅតំបន់ឆ្នេរភាគខាងកើតនៃប្រទេស ខណៈមានពាក្យចចាមអារ៉ាមកាន់តែច្រើន ជុំវិញស្ថានភាពសុខភាព និងទីកន្លែងដែលលោក កំពុងស្ថិតនៅ។ នេះបើតាមគេហទំព័រ 38 North ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន Straitstimes នៅថ្ងៃអាទិត្យ ទី២៦ ខែមេសា ឆ្នាំ២០២០។

បើតាម 38 North ដែលជាគេហទំព័រមួយ មានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក និងជំនាញខាងឃ្លាំមើលសកម្មភាពរបស់កូរ៉េខាងជើង រថភ្លើង ពិសេសរបស់លោក គីម ជុងអ៊ុន បានឈប់សំចតនៅឯ ស្ថានីយរថភ្លើងក្នុងទីក្រុង Wonsan កាលពីថ្ងៃទី២១ និង២៣ ខែមេសា កន្លងទៅនេះ។ ស្ថានីយរថភ្លើង នេះអាចប្រើប្រាស់បានសម្រាប់តែគ្រួសារគីម តែប៉ុណ្ណោះ។ ប៉ុន្តែ មកទល់នឹងពេលនេះ មិនទាន់មានការបញ្ជាក់លម្អិតថាតើ លោក គីម កំពុងស្ថិតនៅទីក្រុង Wonsan ឬក៏នៅទីកន្លែងណាមួយឱ្យប្រាកដ ក្នុងប្រទេសកូរ៉េខាងជើងនោះទេ។

គួរជម្រាបថា កាលពីដើមសប្តាហ៍នេះ សារព័ត៌មាន Daily NK មានមូលដ្ឋាននៅកូរ៉េខាងត្បូងបានចុះផ្សាយអត្ថបទមួយថា មេដឹកនាំកំពូលរបស់កូរ៉េខាងជើង លោក គីម ជុងអ៊ុន កំពុងមានបញ្ហាសុខភាព ក្រោយពីបានទទួលការវះកាត់ ទាក់ទងនឹងប្រព័ន្ធបេះដូង ក៏ដូចជាសសៃឈាម កាលពីថ្ងៃទី១២ ខែមេសា ដោយសារតែការជក់បារីច្រើនពេក, ការធាត់លើសទម្ងន់ និងការធ្វើការងារហួសកម្លាំង។

បញ្ហាសុខភាពនេះក៏ត្រូវបានគេជឿជាក់ផងដែរថាជាមូលហេតុ ធ្វើឱ្យ លោកខកខានបង្ហាញខ្លួនក្នុងឱកាសអបអរខួបកំណើត នៃបិតាស្ថាបនិកប្រទេសកូរ៉េខាងជើង លោក គីម អ៉ីលស៊ុង ដែលជាជីតារបស់លោក កាលពីថ្ងៃទី១៥ ខែមេសាកន្លងទៅនេះ។ តែជាបែបនេះក្ដី ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង នៅតែស្ងប់ស្ងាត់ ដោយមិនតបតអ្វី ចំពោះពាក្យចចាមអារ៉ាមថា លោក គីម ជុងអ៊ុន កំពុងឈឺធ្ងន់នោះឡើយ៕