(សៀងហៃ)៖ អាជ្ញាធរសុខាភិបាលចិន នៅថ្ងៃអាទិត្យនេះ បានប្រកាសពីការរកឃើញ COVID-19 ១១ករណីថ្មី ពេញមួយថ្ងៃសៅរ៍ម្សិលមិញ ធៀបទៅនឹង ១២ករណី កាលពីថ្ងៃសុក្រ និងគ្មានអ្នកស្លាប់ថ្មីនោះទេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២៦ ខែមេសា ឆ្នាំ២០២០។

បើតាមគណៈកមា្មការជាតិសុខាភិបាលចិន ក្នុងចំណោមករណីឆ្លងថ្មីទាំង១១ មាន៦ ជាករណីឆ្លងនៅក្នុងស្រុក ក្នុងនោះមាន៥ករណី ត្រូវបានរាយការណ៍ នៅឯខេត្ត Heilongjiang និងមួយករណី នៅខេត្ត Guangdong។ ចំណែកឯ ៥ករណី នៅសល់ គឺជាករណីនាំចូលពីបរទេស ហើយនេះជាតួលេខធ្លាក់ចុះ ធៀបទៅនឹងកាលពីសុក្រ ដែលមានចំនួនករណីឆ្លងនាំចូលពីបរទេសចំនួន១១។

បន្ថែមពីលើនេះ គណៈកមា្មការជាតិសុខាភិបាលចិនក៏បានរកឃើញករណីអ្នកឆ្លង COVID-19 មិនចេញរោគសញ្ញា ៣០នាក់ថ្មី ផងដែរ ខណៈមកទល់នឹង បច្ចុប្បន្ន ចិនមានអ្នកឆ្លងសរុប ៨២,៨២៧នាក់ ក្នុងនោះស្លាប់ ៤,៦៣២នាក់៕