(ញ៉ូវដេលី)៖ ក្រសួងសុខាភិបាលសហព័ន្ធរបស់ឥណ្ឌា បានឲ្យដឹង នាល្ងាចថ្ងៃសៅរ៍នេះថា មានមនុស្សចំនួន៤នាក់ទៀត បានស្លាប់បាត់បង់ជីវិត ដោយសារជំងឺ COVID-19 នាំឲ្យចំនួនអ្នកស្លាប់នៅក្នុងប្រទេស កើនឡើងដល់៧៧៩នាក់ និងបានរកឃើញករណីឆ្លងថ្មី ចំនួន៤៣៦នាក់ថែមទៀត នាំឲ្យចំនួនករណីឆ្លង កើនឡើងដល់២៤,៩៤២នាក់, នេះបើយោងតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនាយប់ថ្ងៃទី២៥ ខែមេសានេះ។

យោងតាមក្រសួងបាននឲ្យដឹងដែរថា គិតមកទល់ពេលនេះ មានមនុស្ស៥,២១០នាក់ហើយ ដែលត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ បន្ទាប់ពីស្ថានភាពសុខភាពល្អប្រសើរ។ ដោយឡែកចំនួនករណីសកម្មនៅទូទាំងប្រទេស ដែលកំពុងទទួលការព្យាបាល មាន១៨,៩៥៣នាក់។

គិតមកដល់ថ្ងៃសៅរ៍នេះ គឺជាថ្ងៃទី៣២ហើយ នៃការបិទប្រទេស ដែលបានប្រកាសដោយរដ្ឋាភិបាល ដើម្បីទប់ស្កាត់ការរីករាលដាល នៃវីរ៉ុសឆ្លងនេះ។ ការបិទប្រទេសនេះ បានប្រកាសកាលពីថ្ងៃទី២៥ ខែមីនា ហើយត្រូវបានពន្យារពេលរហូតដល់ថ្ងៃទី៣ ខែឧសភា៕