(ហ្សឺណែវ)៖ អង្គការសុខភាពពិភពលោក (WHO) នាថ្ងៃសៅរ៍នេះ បានប្រកាសថា មកទល់បច្ចុប្បន្នមិនទាន់មានភស្តុតាងធានាថា អ្នកដែលបានជាសះស្បើយពីជំងឺ COVID-19 និងមានអង់ទីករ ត្រូវបានការពារពីការឆ្លងជាលើកទីពីរនោះឡើយ។ នេះបើតាមការ ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២៥ ខែមេសា ឆ្នាំ២០២០។

កន្លងមកនេះរដ្ឋាភិបាលប្រទេសមួយចំនួនធ្លាប់បានលើកឡើងនូវគំនិតថា ការធ្វើតេស្តរកអង់ទីករប្រឆាំងវីរុសកូរ៉ូណាថ្មី ដែលបង្ក ជំងឺ COVID-19 អាចបម្រើជាមូលដ្ឋានសម្រាប់ការចេញជា «ប័ណ្ណ» ឬ «លិខិតឆ្លងដែន» ពិសេសមួយ ដែលអនុញ្ញាតបុគ្គលកាន់ ប័ណ្ណឬលិខិតឆ្លងដែននោះ អាចធ្វើដំណើរដោយសេរី ព្រោះពួកគេត្រូវបានសន្មត់ថា មានការការពារពីការឆ្លងវីរុសនេះជាថ្មី។

យ៉ាងណាមិញ ដោយសារមកទល់ពេលនេះ មិនទាន់មានភស្តុតាងរឹងមាំដែលអាចធានាបានថា អ្នកជាសះស្បើយពី COVID-19 ត្រូវបានការពារពីការឆ្លងជាថ្មីម្តងទៀត បើទោះត្រូវពិនិត្យឃើញថាមានអង់ទីករក៏ដោយនោះ អង្គការ WHO បានព្រមានប្រឆាំង នឹងគំនិតចង់ចេញប័ណ្ណ ឬលិខិតឆ្លងដែន របៀបដូចខាងលើ ព្រោះការធ្វើយ៉ាងដូច្នោះអាចនឹងបង្កើនហានិភ័យនៃការឆ្លងរាតត្បាត ទៅវិញទេ ដោយសារតែអ្នកដែលជាហើយ អាចនឹងលែងខ្វាយខ្វល់ចំពោះវិធានការពារទូទៅតទៀត៕