(ហ្សាការតា)៖ រដ្ឋាភិបាលឥណ្ឌូណេស៊ី បានប្រកាសឲ្យដឹង នៅល្ងាចថ្ងៃសៅរ៍ ទី២៥ ខែមេសា ឆ្នាំ២០២០នេះថា មនុស្សចំនួន ៣១នាក់ទៀតហើយ បានបាត់បង់ជីវិត ដោយសារតែជំងឺ COVID-19 ដែលនាំឲ្យចំនួនអ្នកស្លាប់សរុប នៅប្រទេសអាស៊ានមួយនេះ កើនឡើងរហូតដល់ ៧២០នាក់ (ខ្ពស់ជាងគេ ក្នុងចំណោមសមាជិកអាស៊ានទាំង១០)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។

បន្ថែមពីខាងលើនេះ អាជ្ញាធរឥណ្ឌូណេស៊ីក៏បានធ្វើតេស្ត និងរកឃើញអ្នកឆ្លងជំងឺ COVID-19 រហូតដល់ទៅ ៣៩៦នាក់ថ្មីទៀតផងដែរ ដែលនាំឲ្យចំនួនករណីឆ្លងសរុប ពេលនេះ កើនឡើងរហូតដល់ ៨,៦០៧ករណី។ ដោយឡែកគិតត្រឹមល្ងាចថ្ងៃដដែលនេះ អ្នកជាសះស្បើយចំនួន ៤០នាក់ទៀត ត្រូវអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ ដែលប្រការនេះបាននាំឲ្យចំនួនអ្នកជាសះស្បើយសរុបពីជំងឺ COVID-19 កើនឡើងដល់ ១,០៤២នាក់។

បើតាមមន្ត្រីជាន់ខ្ពស់នៃក្រសួងសុខាភិបាលឥណ្ឌូណេស៊ី ជនសង្ស័យឆ្លងជំងឺ COVID-19 សរុបចំនួន ១៩,០៨៤នាក់ហើយត្រូវបានធ្វើតេស្ត និងកំពុងរង់ចាំលទ្ធផលតេស្ត៕