(ហ៊ូស្តុន)៖ អាជីវកម្មលក់រាយនៅរដ្ឋតិចសាស់ នៃសហរដ្ឋអាមេរិក បានចាប់ផ្តើមបើកដំណើរការឡើងវិញជាបណ្តើរៗហើយកាលពីថ្ងៃសុក្រសប្តាហ៍នេះ បន្ទាប់ពីបានបិទទ្វានារយៈប៉ុន្មានសប្តាហ៍កន្លងទៅនេះ នៅចំពោះមុខការឆ្លងរីករាលដាល នៃជំងឺរាតត្បាតសកល COVID-19។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន ស៊ីនហួរ នាថ្ងៃសៅរ៍ ទី២៥ ខែមេសា ឆ្នាំ២០២០។

កាលពីសប្តាហ៍មុនអភិបាលរដ្ឋ Texas គឺលោក Greg Abbott បានចេញបទបញ្ជាអនុញ្ញាតឲ្យអាជីវកម្មលក់រាយទាំងអស់អាចបើកដំណើរការសេវាកម្មរបស់ខ្លួនបានវិញហើយ តាមរយៈការលក់ដូរនៅទីកន្លែងផ្ទាល់ ឬតាមរយៈសេវាកម្មដឹកជញ្ចូនក៏បាន ដោយចាប់ពីថ្ងៃសុក្រសប្តាហ៍នេះតែម្តង។ ទោះជាយ៉ាងណា ដើម្បីអាចបើកអាជីវកម្មរបស់ខ្លួនបាន អ្នកលក់ទាំងអស់តម្រូវឲ្យអនុវត្តតាមការណែនាំមួយចំនួនរបស់អាជ្ញាធរ ដូចជារការក្សាគម្លាតសុវត្ថិភាព និងពាក់ម៉ាស់មុខជាដើម។

ផ្សារទំនើប និងភោជនីយដ្ឋានមួយចំនួននៅទូទាំងរដ្ឋតិចសាស់ បានបើកដំណើរការទៅតាមសេចក្តីប្រកាសរបស់អាជ្ញាធរកាលពីថ្ងៃសុក្រសប្តាហ៍នេះ ប៉ុន្តែជាមួយការដាក់កំហិត។ តួយ៉ាងដូចជា ផ្សារទំនើបខូឡូនីស (Colony Mall) ដែលជាផ្សារទំនើបដ៏ធំបំផុតមួយនៅរដ្ឋ Texas បានប្រកាសនៅលើគេហទំព័ររបស់ខ្លួនថា ហាងទំនិញ និងភោជនីយដ្ឋានមួយចំនួន នឹងបើកដោយមានការកំណត់ម៉ោង ឬដោយការណាត់ជួបតែប៉ុណ្ណោះ។

គួរជម្រាបថា គិតត្រឹមថ្ងៃសុក្រសប្តាហ៍នេះ រដ្ឋតិចសាស់បានកត់ត្រាចំនួនករណីឆ្លង នៃជំងឺ COVID-19 ចំនួនជាង ២២,៨០០ ករណីហើយ ដោយក្នុងនោះមានអ្នកជំងឺប្រមាណ ៦០០ នាក់បានស្លាប់បាត់បង់ជីវិត៕