(ហុងកុង)៖ នៅពេលក្បួនយន្តហោះ B-52 របស់អាមេរិក បានចាកចេញពីកោះហ្គាំ កាលពីសប្តាហ៍មុន វាគឺជាលើកដំបូងបំផុតក្នុងរយៈពេល ១៦ឆ្នាំ ដែលកងទ័ពអាកាសអាមេរិក មិនមានយន្តហោះទម្លាក់គ្រាប់បែកខ្នាតធំ នៅលើដែនកោះ ដែលមានទីតាំងយុទ្ធសាស្រ្តដ៏ពិសេស ប្រចាំតំបន់អាស៊ីមួយនេះ។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន CNN នៅរសៀលថ្ងៃសៅរ៍ ទី២៥ ខែមេសា ឆ្នាំ២០២០។

នៅពេលយន្តហោះ B-52 (Stratofortress) ចំនួន ០៥គ្រឿង បានចាកចេញពីមូលដ្ឋានទ័ពអាកាស អាន់ដឺសិន (Andersen) លើកោះហ្គាំ ដែលស្ថិតនៅតំបន់ប៉ាស៊ីហ្វិក កាលពីថ្ងៃទី១៧ ខែមេសា វាជាការឈានចូលដល់ទីបញ្ចប់នូវបេសកកម្មរក្សាវត្តមានយន្តហោះទម្លាក់គ្រាប់បែក (Continuous Bomber Presence ឬ CBP) ដែលធ្លាប់ត្រូវបានក្រសួងការពារជាតិអាមេរិកអះអាងថា ជាបេសកកម្មដ៏សំខាន់មួយ សម្រាប់ប្រឆាំងអនាគតគូសត្រូវ និងសម្រាប់ផ្តល់ការធានាទុកចិត្ត ដល់សម្ព័ន្ធមិត្តទាំងឡាយ របស់សហរដ្ឋអាមេរិក នៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក។

នៅក្រោមបេសកកម្ម CBP យន្តហោះទម្លាក់គ្រាប់បែកអាមេរិករួមមាន B-52, B-1, និង B-2 ត្រូវបានដាក់ពង្រាយទៅកាន់បន្ទាយ Andersen ក្នុងទម្រង់ផ្លាស់វេនគ្នា ០៦ខែម្តង។ ការធ្វើយ៉ាងដូច្នេះអនុញ្ញាតឲ្យ សព្វាវុធយុទ្ធសាស្រ្តតាមផ្លូវអាកាសដ៏មានអនុភាពទាំងនេះ អាចចល័តទៅ កាន់ទីតាំងសំខាន់ៗនៅប៉ាស៊ីហ្វិក ដូចជាឧបទ្វីបកូរ៉េ និងសមុទ្រចិនខាងត្បូង ដោយប្រើពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះ។

ក៏ប៉ុន្តែឥឡូវនេះខាងយោធាអាមេរិកបាននិយាយថា យន្តហោះទម្លាក់គ្រាប់បែកទាំងនោះ អាចធ្វើប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព ជាងនៅពេល ហោះចេញពីមូលដ្ឋាននៅសហរដ្ឋអាមេរិកផ្ទាល់ ពោលគឺពួកវាពុំត្រឹមនៅតែអាចចល័តទៅតំបន់ប៉ាស៊ីហ្វិក នៅពេលត្រូវការប៉ុណ្ណោះទេ គឺថែមទាំងអាច ហោះទៅកាន់ចំណុចក្តៅៗដទៃទៀត ដូចជាឈូងសមុទ្រពែក្សជាដើម នៅពេលឈរជើងនៅសហរដ្ឋអាមេរិក។

គួរជម្រាបថា កាលពីថ្ងៃពុធសប្តាហ៍នេះ កងទ័ពអាកាសអាមេរិក ទើបតែបានចល័តយន្តហោះទម្លាក់គ្រាប់បែក B-1 មួយគ្រឿងចេញពីរដ្ឋ សោតដាកូតា (South Dakota) ក្នុងបេសកកម្មមានរយៈពេល ៣០ម៉ោង ទៅប្រទេសជប៉ុន ជាទីដែលយន្តហោះនោះបានជួបជាមួយកងយន្តហោះចម្បាំង របស់ជប៉ុន F-15 និង F-2 ព្រមទាំង F-16 របស់អាមេរិក ដើម្បីធ្វើសមយុទ្ធរួមគ្នាមួយ៕