(សេអ៊ូល)៖ មកទល់ពេលនេះ ប្រមុខដឹកនាំកំពូលរបស់កូរ៉េខាងជើងគឺ លោក គីម ជុងអ៊ុន នៅតែបាត់មុខពីក្រសែភ្នែកមហាជនដដែល ខណៈប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសនេះ កំពុងតែផ្តោតសំខាន់ទៅលើគម្រប់ខួប នៃថ្ងៃកំណើតកងទ័ពកូរ៉េខាងជើង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Yonhap នៅព្រឹកថ្ងៃសៅរ៍ ទី២៥ ខែមេសា ឆ្នាំ២០២០។

ចាប់តាំងតែពីថ្ងៃទី១១ ខែមេសា ប្រព័ន្ធផ្សព្វផ្សាយផ្លូវការនៅក្នុងប្រទេសកូរ៉េខាងជើង ពុំមានការចុះផ្សាយអ្វីពាក់ព័ន្ធនឹងសកម្មភាពរបស់លោក គីម ជុងអ៊ុន ឡើយ ដែលប្រការនេះបានបង្កឲ្យមានការសង្ស័យភ្លាមៗថា មេដឹកនាំកូរ៉េខាងជើងវ័យ ៣៦ឆ្នាំរូបនេះ ប្រហែលជាធ្លាក់ខ្លួនឈឺជាទម្ងន់។ ទោះបីជាមានការសង្ស័យ ព្រោងព្រាតយ៉ាងណាក៏ដោយ ប្រព័ន្ធផ្សព្វរដ្ឋធំៗនៅកូរ៉េខាងជើង មិនបានប្រតិកម្មអ្វីទាំងអស់។

ផ្ទុយទៅវិញ ប្រព័ន្ធព័ត៌មានទាំងនោះ បាននិងកំពុងផ្តោតការផ្សព្វផ្សាយរបស់ពួកគេ លើគម្រប់ខួប ៨៨ឆ្នាំ នៃថ្ងៃកំណើតកងទ័ពកូរ៉េខាងជើង ដែលត្រូវចំថ្ងៃសៅរ៍ ទី២៥ ខែមេសានេះ។ ទីភ្នាក់ងារព័ត៌មានផ្លូវការរបស់កូរ៉េខាងជើង KCNA ក៏បានចុះផ្សាយនូវការរៀបរាប់លម្អិតអំពីប្រវត្តិ នៃកងទ័ពកូរ៉េខាងជើងហៅកាត់ថា KPRA ដែលមានដើមកំណើតតាំងពីសម័យអាណានិគមជប៉ុន។ ចំណែកសារព័ត៌មានកូរ៉េខាងជើង រ៉ូដុង ស៊ិនម៉ុន (Rodong Sinmun) បានលើកឡើងនូវការអំពាវនាវកន្លងមករបស់លោក គីម ជុងអ៊ុន ដែលសំដៅបន្តពង្រឹងអំណាចយោធារបស់កូរ៉េខាងជើង។

ដោយឡែក យោងតាមសេចក្តីរាយការណ៍មួយរបស់ ទីភ្នាក់ងារព័ត៌មានអន្តរជាតិ Reuters វិញ ចិនបានបញ្ជូនវេជ្ជបណ្ឌិតជំនាញមួយក្រុម ទៅកាន់កូរ៉េខាងជើង ដើម្បីផ្តល់ការប្រឹក្សាសម្រាប់លោក គីម ជុងអ៊ុន ដោយពួកគេបានចាកចេញពីទីក្រុងប៉េកាំង កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។ ជុំវិញសេចក្តីរាយការណ៍អំពីសុខភាពលោក គីម ជុងអ៊ុន ត្រូវបានប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ចាត់ទុកថា ជាព័ត៌មានមិនពិត ប៉ុន្តែលោកក៏មិនបានបញ្ជាក់អ្វីលម្អិត ពាក់ព័ន្ធនឹងរឿងនេះដែរ៕