(ប៉េកាំង)៖ ប្រទេសចិននៅថ្ងៃព្រហស្បតិ៍នេះបានប្រកាសថា ខ្លួននឹងបរិច្ចាគថវិកាចំនួន ៣០លានដុល្លារអាមេរិកបន្ថែមទៀត ទៅដល់អង្គការសុខភាពពិភពលោក (WHO) ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19។ នេះបើយោងតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នារសៀលថ្ងៃព្រហស្បតិ៍ ទី២៣ ខែមេសា ឆ្នាំ២០២០។

សេចក្តីសម្រេចនេះបានធ្វើឡើង ប្រមាណជាមួយសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីសហរដ្ឋអាមេរិក ដែលជាអ្នកបង់វិភាគទានធំបំផុតរបស់ អង្គការសុខភាពពិភពលោក (WHO) បានប្រកាសថា នឹងផ្អាកបង់វិភាគទានទៅឲ្យអង្គការនេះ ដោយបានលើកជាហេតុលផលថា WHO មិនបានគ្រប់គ្រងស្ថានការណ៍ជំងឺ COVID-19 តាំងតែពីជំងឺនេះផ្ទុះឡើងដំបូងនៅប្រទេសចិន។

គួរបញ្ជាក់ថា ការផ្តល់ជំនួយរបស់ចិនខាងលើនេះ គឺជាការបន្ថែមទៅលើថវិកាជំនួយ ២០លានដុល្លារអាមេរិក កាលពីលើកដំបូង ដែលចិនបានផ្តល់ដល់ WHO ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកល COVID-19 ខណៈប្រទេសជាច្រើនសុទ្ធតែយល់ស្របដូចៗគ្នាថា អង្គការសុខភាពពិភពលោក ពិតជាដើរតួរនាទីចាំបាច់ណាស់នៅពេលនេះ និងត្រូវតែបន្តឈរនៅរឹងមាំទៅមុខទៀត៕