(ហ្សឺណែវ)៖ អគ្គលេខាធិការនៃអង្គការសុខភាពពិភពលោក លោក ថេដ្រូស អាដាណម (Tedros Adhanom) នាថ្ងៃចន្ទដើមសប្តាហ៍នេះបាននិយាយថា តាំងតែពីដំបូងមកម្ល៉េះ WHO មិនបានព្យាយាមលាក់បាំងអ្វីពីសហរដ្ឋអាមេរិកឡើយ ខណៈដែលក្រុមអ្នកជំនាញរបស់អាមេរិកផ្ទាល់ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការប្រយុទ្ធប្រឆាំង COVID-19 ជាមួយអង្គការអន្តរជាតិមួយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅល្ងាចថ្ងៃអង្គារ ទី២១ ខែមេសា ឆ្នាំ២០២០។

កំឡុងសន្និសីទសារព័ត៌មានមួយ ធ្វើឡើងនៅទីស្នាក់ការកណ្តាលរបស់ អង្គការសុខភាពពិភពលោក ក្នុងទីក្រុងហ្សឺណែវនៃប្រទេសស្វីស លោក Tedros បានបញ្ជាក់ថា បុគ្គលិកប្រមាណ ១៥នាក់មកពីមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លងអាមេរិក US-CDC ត្រូវបានអនុញ្ញាតឲ្យបំពេញការងារនៅ WHO ចាប់តាំងតែពីខែមករា ដើមឆ្នាំនេះ ដែលវាគឺជាសញ្ញាមួយរួចជាស្រេច បង្ហាញឲ្យឃើញពីភាពគ្មានការលាក់បាំងរបស់ WHO។ មួយវិញទៀត ប្រទេសទាំងអស់សុទ្ធតែទទួលបានព័ត៌មានភ្លាមៗពី WHO។

លោក Tedros បានបន្តថា អង្គការរបស់លោកបានព្រមានពីសត្រូវលេខ ១ របស់មនុស្សជាតិគឺជំងឺឆ្លង COVID-19 តាំងតែពីថ្ងៃដំបូងមកម្ល៉េះ ដែលគ្រប់គ្នាត្រូវតែរួមគ្នាប្រយុទ្ធប្រឆាំង។ ប្រមុខអង្គការ WHO បានបន្តថា វាមានរឿងសម្ងាត់ណាមួយត្រូវបានលាក់លៀមក្នុង WHO ឡើយ ព្រោះថាការបិទបាំង ឬលាក់ការណ៍គឺជារឿងគ្រោះថ្នាក់ជាទីបំផុត ដោយសារវាពាក់ព័ន្ធនឹងអាយុជីវិតមនុស្ស។ លោក Tedros បានសង្កត់ធ្ងន់ថា ប្រសិនបើពិភពលោកមានភាពរួមសាមគ្គីគ្នារឹងមាំ យើងនឹងអាចយកឈ្នះក្នុងការប្រយុទ្ធប្រឆាំងជាមួយ COVID-19 បាន។

គួរជម្រាបថា ការថ្លែងដូចខាងលើរបស់លោក Tedros កើតមានឡើង បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ កាលពីសប្តាហ៍មុន បានបញ្ជាឲ្យផ្អាកការផ្តល់ហិរញ្ញវត្ថុដល់ WHO ជាមួយការចោទប្រកាន់ថា WHO បានបរាជ័យក្នុងការងារឆ្លើយតប នៅដំណាក់កាលដំបូងចំពោះ COVID-19 ដែលជាហេតុបង្កឲ្យប្រទេសជាច្រើន រងការឆ្លងរាតត្បាតយ៉ាងខ្លាំងក្លា ជាពិសេសសហរដ្ឋអាមេរិកតែម្តង។ បើតាមលោក ត្រាំ WHO មិនបាន ចែករំលែកព័ត៌មានបានទាន់ពេលវេលា និងប្រកបដោយតម្លាភាពនោះឡើយ ចាប់តាំងតែពីការលេចឡើងដំបូងនៃ COVID-19 នៅក្នុងប្រទេសចិន៕