(សេអ៊ូល)៖ ប្រភពពីមន្រ្តីកូរ៉េខាងត្បូងបានឲ្យដឹងថា ពុំមានសញ្ញាខុសប្រក្រតីណាមួយ ពាក់ព័ន្ធស្ថានភាពសុខភាពមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នោះឡើយ បន្ទាប់ពីសារព័ត៌មាន CNN ដោយផ្អែកលើប្រភពពីមន្រ្តីអាមេរិកបានរាយការណ៍ថា លោក គីម កំពុងស្ថិតក្នុងគ្រោះថ្នាក់ ក្រោយការវះកាត់មួយ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានយុនហាប់ នៅព្រឹកថ្ងៃអង្គារ ទី២១ ខែមេសា ឆ្នាំ២០២០។

ប្រភពពីមន្រ្តីរដ្ឋាភិបាលកូរ៉េខាងត្បូង បានលើកឡើងថា ស្ថានភាពសុខភាពរបស់លោក គីម ជុងអ៊ុន គឺធម្មតាពុំមានអ្វីប្លែក គួរឲ្យកត់សម្គាល់នោះទេ។ ព័ត៌មានពាក់ព័ន្ធសុខភាពលោក គីម បានលេចឡើងដំបូង នៅក្នុងសេចក្តីរាយការណ៍របស់វែបសាយព័ត៌មានអនឡាញមួយរបស់ កូរ៉េខាងត្បូងឈ្មោះ Daily NK ដែលអះអាងថា ប្រមុខដឹកនាំកំពូលកូរ៉េខាងជើងរូបនេះ កំពុងទទួលការព្យាបាល នៅភូមិគ្រឹះមួយកន្លែងក្នុងស្រុក យ៉ាងសាន (Hyangsan) ក្បែររដ្ឋធានីព្យុងយ៉ាង ក្រោយការវះកាត់ផ្នែកប្រព័ន្ធបេះដូង និងសរសៃឈាម។

ក្រោយមានសេចក្តីរាយការណ៍ខាងលើ សារព័ត៌មានអាមេរិក CNN ក៏បានរាយការណ៍ថា សហរដ្ឋអាមេរិកកំពុងតែតាមដានព័ត៌មានសម្ងាត់ មួយដែលថាលោក គីម ជុងអ៊ុន ស្ថិតក្នុងគ្រោះថ្នាក់ធ្ងន់ធ្ងរ ក្រោយការវះកាត់នោះ ដោយផ្អែកលើប្រភពពីមន្រ្តីអាមេរិកម្នាក់ ដែលមានការដឹងលឺផ្ទាល់ពាក់ព័ន្ធបញ្ហានេះ។

គួរជម្រាបថា ការសង្ស័យផ្សេងៗបានកើតឡើង ជុំវិញថាតើមានរឿងអ្វីចំពោះលោក គីម ជុងអ៊ុន ចាប់តាំងពីលោកបានអវត្តមានក្នុង ឱកាស ខួបកំណើតទី១០៨ របស់ជីតាលោក គឺលោក គីម អ៉ីលស៊ុង ដែលជាបិតាស្ថាបនិកកូរ៉េខាងជើង កាលពីថ្ងៃពុធសប្តាហ៍មុន ខណៈលើកចុងក្រោយបំផុតដែលលោក គីម ជុងអ៊ុន បង្ហាញវត្តមាន គឺកាលពីថ្ងៃទី១១ ខែមេសា កំឡុងកិច្ចប្រជុំរដ្ឋាភិបាលមួយ។

យ៉ាងណាមិញ វាជារឿងលំបាកខ្លាំងណាស់ក្នុងការស្វែងរកព័ត៌មានជាក់លាក់ អំពីប្រទេសកូរ៉េខាងជើង ជាពិសេសពីមេដឹកនាំរបស់ប្រទេសមួយនេះតែម្តង៕