(ហ្សាកាតា)៖ អាជ្ញាធរឥណ្ឌូណេស៊ីបានរាយការណ៍ឲ្យដឹងថា ភ្នំភ្លើងមួយដែលមានឈ្មោះថា អាណាក់ ក្រាកាតាវ (Anak Krakatau) ដែលស្ថិតនៅក្នុងខេត្ត ឡាំភុង (Lampung) ភាគកណ្តាលប្រទេសឥណ្ឌូណេស៊ី បានផ្ទុះឡើងកាលពីយប់ថ្ងៃសុក្រម្សិលមិញនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃសៅរ៍ ទី១១ ខែមេសា ឆ្នាំ២០២០។

មជ្ឈមណ្ឌលតាមដាន និងគ្រប់គ្រងគ្រោះមហន្តរាយភ្នំភ្លើង និងភូគព្ភសាស្ត្ររបស់ប្រទេសឥណ្ឌូណេស៊ី បានឲ្យដឹងយ៉ាងដូច្នេះថា ភ្នំភ្លើងមួយនៅច្រកសមុទ្រសាន់ដា (Sunda) ដែលស្ថិតចន្លោះរវាងកោះជ្វា (Java) និងកោះស៊ូម៉ាត្រា (Sumatra) បានផ្ទុះឡើងកាលពីយប់ថ្ងៃសុក្រវេលាម៉ោង ១០៖៣៥នាទីម៉ោងក្នុងស្រុក ដោយបានបង្កឲ្យមានកម្អែរផេះ ហោះកញ្ជ្រោលឡើងលើអាកាសកម្ពស់ប្រមាណ ៥០០ម៉ែត្រ។ ជាមួយគ្នានេះ មជ្ឈមណ្ឌលក៏បានគូសបញ្ជាក់ទៀតថា ការផ្ទុះនេះគឺមានរយៈពេល ៣៨នាទី និង ០៤វិនាទី។

ប្រជាជនដែលរស់នៅជំវិញតំបន់នោះ ត្រូវបានជម្លៀសចេញពីគេហដ្ឋាន ទៅរកទីដែលមានសុវត្ថិភាព។ ប៉ុន្តែឥឡូវនេះអ្នកស្រុកទាំងនោះ បានវិលត្រឡប់មកផ្ទះសំបែងវិញជាបណ្តើរៗហើយ ខណៈអាជ្ញាធរនៅបន្តតាមដានស្ថានការណ៍ជាប់ជានិច្ច។

គួរជម្រាបថា ឥណ្ឌូណេស៊ីជាប្រទេសប្រជុំដីកោះដ៏ធំល្វឹងល្វើយ ងាយនឹងរងគ្រោះបំផុតពីសម្មភាពផ្ទុះភ្នំភ្លើង និងការរញ្ជួយដីពីព្រោះប្រទេសនេះ គឺស្ថិតនៅតាមបណ្តោយខ្សែក្រវ៉ាត់ភ្លើង នៃមហាសមុទ្រប៉ាស៊ីហ្វិក (Pacific Ring of Fire)៕